Tesla កំពុងអភិវឌ្ឍន៍សមត្ថភាពដំណើរការ Apple CarPlay ក្នុងរថយន្តអគ្គិសនីរបស់ខ្លួន
14-11-2025 12:22
(បរទេស)៖ យើងតាមរបាយការណ៍ពី Bloomberg News បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla កំពុងអភិវឌ្ឍន៍សមត្ថភាពដំណើរការ Apple CarPlay ក្នុងរថយន្តអគ្គិសនីរបស់ខ្លួន។ ព័ត៌មានបញ្ជាក់ថា ការរួមបញ្ចូល CarPlay កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងខាងក្នុង ប៉ុន្តែមិនទាន់មានការបញ្ជាក់ពិតប្រាកដពីកាលបរិច្ឆេទឬការចេញផ្សាយជាផ្លូវការសម្រាប់អតិថិជនឡើយ។
តាមប្រភព Tesla គ្រោងនឹងអនុញ្ញាតឲ្យ CarPlay ប្រតិបត្តិនៅក្នុង «បង្អួច» មួយ នៅលើប្រព័ន្ធឧបករណ៍ព័ត៌មានរបស់ខ្លួន មិនមែនឲ្យ CarPlay កាន់កាប់ទាំងអេក្រង់ដូចរថយន្តក្រុមហ៊ុនផ្សេងៗទេ។ ការសម្រេចចិត្តរបស់ Tesla នេះ មានន័យសំខាន់ ព្រោះក្រុមហ៊ុននេះធ្លាប់បដិសេធ CarPlay និង Android Auto ជាច្រើនឆ្នាំ ហើយពឹងផ្អែកតែប្រព័ន្ធ infotainment ផ្ទាល់ខ្លួន។
គួរជម្រាបថ ជុំមវិញដំណឹងនេះ អ្នកវិភាគជាច្រើនបញ្ជាក់ថា ការកែប្រែនេះ អាចជាជំហានប្រែប្រួលយុទ្ធសាស្ត្រដើម្បីទាក់ទាញអតិថិជនដែលប្រើ iPhone និងពង្រឹងការប្រកួតប្រជែងក្នុងទីផ្សារ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការពី Tesla ឬ Apple ទេ ហើយពេលវេលាចេញផ្សាយ ការគាំទ្រតាមម៉ូឌែល ឬតំបន់ផ្សេងៗនៅតែជាការមិនប្រាកដ៕






