Verizon បញ្ឈប់បុគ្គលិក ១៥,០០០ នាក់ និងផ្លាស់ប្តូរហាង ១៨០ កន្លែងទៅជា Franchise ក្រោយ CEO ថ្មីប្រកាសរៀបចំរចនាសម្ព័ន្ធ
14-11-2025 14:29
(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សអាមេរិក Verizon កំពុងចាប់ផ្តើមយុទ្ធសាស្ត្រផ្លាស់ប្តូរដ៏ធំមួយ ដើម្បីទប់ទល់នឹងការប្រកួតប្រជែងពី AT&T, T-Mobile និងប្រតិបត្តិករខ្សែកាប។ ក្នុងផែនការនេះ នាយកប្រតិបត្តិ (CEO) ថ្មី លោក Dan Schulman បានប្រកាសពីការកាត់បន្ថយបុគ្គលិកប្រមាណ ១៥,០០០ នាក់ (ស្មើនឹង ១៥% នៃបុគ្គលិកសរុប) ក្នុងពេលឆាប់ៗនេះ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Verizon មានការកើនឡើងអតិថិជនបង់ប្រចាំខែត្រឹមតែ ៤៤,០០០ នាក់ ក្នុងត្រីមាសទី ៣ ដែលយឺតយ៉ាវខ្លាំងបើធៀបនឹងគូប្រជែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក Schulman ដែលបានចូលកាន់តំណែងថ្មីៗនេះ បានបង្ហាញពីមូលហេតុនៃការផ្លាស់ប្តូរនេះ ដោយសារក្រុមហ៊ុនពឹងផ្អែកខ្លាំងពេកលើការដំឡើងតម្លៃ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «កំណើនហិរញ្ញវត្ថុរបស់យើងបានពឹងផ្អែកខ្លាំងពេកលើការដំឡើងថ្លៃ... វិធីសាស្រ្តយុទ្ធសាស្ត្រដែលពឹងផ្អែកខ្លាំងពេកលើតម្លៃដោយគ្មានកំណើនអតិថិជន មិនមែនជាយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាពនោះទេ»។ ជាមួយគ្នានេះ លោកបានប្តេជ្ញាថា៖ «យើងនឹងក្លាយជាអាជីវកម្មដែលសាមញ្ញជាង, រៀបរយជាង និងរហ័សរហួនជាង» ដើម្បីអាចផ្តល់ជូនការបញ្ចុះតម្លៃកាន់តែច្រើន។
ក្នុងជំហានកាត់បន្ថយចំណាយនេះ ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកផ្នែកគ្រប់គ្រងដែលមិនមែនជាសហជីពជាង ២០% និងមានផែនការបង្វែរហាងលក់រាយរបស់ក្រុមហ៊ុនចំនួន ១៨០ កន្លែង ទៅជាប្រតិបត្តិការសិទ្ធិផ្តាច់មុខ (Franchise) វិញ។ លោក Craig Moffett អ្នកវិភាគជាន់ខ្ពស់ បានមើលឃើញថាការកាត់បន្ថយការងារនេះ គឺជាមធ្យោបាយរបស់ Verizon ដើម្បីចំណាយថ្លៃដើមសម្រាប់ការរក្សាអតិថិជន ដោយផ្តល់ជូនទូរស័ព្ទថ្លៃៗទៅកាន់អតិថិជន។ លោកបានលើកឡើងថា៖ «សំណួរជាក់ស្តែងគឺតើ Verizon មានផែនការបង់ថ្លៃសម្រាប់រឿងនោះដោយរបៀបណា? ឥឡូវនេះយើងដឹងហើយ»។ យ៉ាងណាក្តី លោកបានបន្ថែមថា គេមិនទាន់ដឹងច្បាស់ថាការកាត់បន្ថយចំណាយទាំងនេះនឹងអាច «ជួយទូទាត់សំណងសម្រាប់ការចំណាយដែលបានគ្រោងទុកខ្ពស់ជាងនេះក្នុងការរក្សា» អតិថិជនបានកម្រិតណាទេ៕









