Ronaldo ប្រឈមដកបញ្ឈរជើង ៣ប្រកួត ប្រសិនបើរកឃើញថា បានប្រព្រឹត្តខុសក្រមវិន័យ FIFA
14-11-2025 15:56
(បរទេស)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងប្រឈមទៅនឹងការដកបញ្ឈរជើង ៣ប្រកួតឯណោះ បន្ទាប់ពីទទួលបានកាតក្រហម នៃជំនួបដែលក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ចាញ់ម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់ ២-០ យប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ព័រទុយហ្គាល់ បានស្គាល់រសជាតិចាញ់លើកដំបូង ក្នុងប្រកួតទី៥ ជើងទី២ ជម្រុះ World Cup 2026 ប្រចាំពូល F តំបន់អឺរ៉ុប នៅពេលប្រធានក្រុមវ័យជាង ៤០ឆ្នាំ Ronaldo បានទទួលកាតក្រហមនៅនាទី៥៩។
ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Aviva នោះ កែងដៃរបស់ប្រធានក្រុម Ronaldo បានអុកចំខ្នងខ្សែការពារ Dara O’Shea ដែលអាជ្ញាកណ្តាល Glenn Nyberg បានត្រឹមពិន័យកាតលឿង និងក្រោយមក បន្ទាប់ពីពិនិត្យ VAR ក៏សម្រេចផ្តល់កាតក្រហមវិញ។
នេះមានន័យថា Ronaldo អាចនឹងខកខានប្រកួតបើកឆាកជាមួយព័រទុយហ្គាល់នៅ World Cup 2026 ប្រសិនបើពួកគេឆ្លងចូលជុំចុងក្រោយ និងពុំមានវត្តមានខ្សែប្រយុទ្ធមកពីក្លឹប Al Nassr នេះឡើយ ក្នុងថ្ងៃប្រកួតចុងក្រោយប្រចាំពូល F ទល់នឹងអាមេនីនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
គួរបញ្ជាក់ផងថា នៅក្នុងក្រមវិន័យរបស់ FIFA ត្រង់ជំពូកទី២ មាត្រា ១៤ (i) បានចែងថា «គ្រប់កីឡាករ និងមន្រ្តីការប្រកួតទាំងអស់ នឹងត្រូវបានដាក់ពិន័យយ៉ាងហោចណាស់ ៣ប្រកួតឡើងទៅ ពីការបង្កកំហុសដោយចេតនា មានទាំងការប្រើកែងដៃ រុញ ទាត់ ធាក់ ខាំ ស្តោះទឹកមាត់ ឬវ៉ៃគូប្រកួត ឬអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត»៕





