Apple ប្រកាសកាត់បន្ថយកម្រៃ App Store ពាក់កណ្តាល សម្រាប់កម្មវិធីតូចៗ (Mini Apps) តែមានលក្ខខណ្ឌ
14-11-2025 16:41
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងកាត់បន្ថយអត្រាកម្រៃជើងសារ App Store របស់ខ្លួនពី ៣០% មកត្រឹម ១៥% សម្រាប់ប្រភេទកម្មវិធីថ្មីមួយគឺ «Mini Apps»។ ការកាត់បន្ថយនេះគឺស្មើនឹងពាក់កណ្តាលនៃអត្រាចាស់ ដែលជាដំណឹងល្អសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីតូចៗទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
Mini Apps គឺជាកម្មវិធីខ្នាតតូច (ដូចជាហ្គេម ឬសេវាកម្ម) ដែលត្រូវបានផ្ទុក និងដំណើរការនៅខាងក្នុងកម្មវិធីមេធំៗ (Host App) ដូចដែលធ្លាប់មានប្រជាប្រិយភាពនៅប្រទេសចិន តាមរយៈកម្មវិធីល្បីៗដូចជា Tencent និង Alipay។ បច្ចុប្បន្ន គំរូនេះកំពុងរីករាលដាលដល់ក្រុមហ៊ុនអាមេរិកដូចជា OpenAI (អ្នកបង្កើត ChatGPT) ដែលនឹងចាប់ផ្តើមផ្តល់ Mini Apps នៅក្នុងកម្មវិធី chatbot របស់ខ្លួនផងដែរ។
ទោះជាយ៉ាងណា ការទទួលបានកម្រៃជើងសារទាប ១៥% នេះ គឺតម្រូវឱ្យអ្នកអភិវឌ្ឍន៍ Mini Apps អនុម័ត និងប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់ Apple មួយចំនួន ដូចជាវិធីសាស្ត្រក្នុងការប្រកាស និងកំណត់អាយុរបស់អ្នកប្រើប្រាស់ជាដើម។
ការផ្លាស់ប្តូរគោលនយោបាយនេះ កើតឡើងចំពេលដែល Apple កំពុងជាប់ពាក់ព័ន្ធនឹងវិវាទផ្លូវច្បាប់ជាមួយរដ្ឋនានានៅសហរដ្ឋអាមេរិក និងគូប្រជែងដូចជា Meta Platforms ជុំវិញបញ្ហានៃការផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់នៅលើវេទិកាអនឡាញ។ ខណៈពេលដែលគូប្រជែងដូចជា Meta បានលើកឡើងថា ការផ្ទៀងផ្ទាត់គួរតែកើតឡើងនៅកម្រិតទីផ្សារកម្មវិធី (App Store របស់ Apple និង Google) ក្រុមហ៊ុន Apple បានជំទាស់ ដោយលើកហេតុផលថា ច្បាប់ទាំងនោះអាចនាំឱ្យ «រំលោភបំពានឯកជនភាពរបស់អ្នកប្រើប្រាស់ពេញវ័យ»។ Apple បានស្នើដំណោះស្រាយដោយខ្លួនឯង គឺអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ទទួលយកអាយុដែលអ្នកប្រើប្រាស់ប្រកាស ដោយតម្រូវឱ្យមានការយល់ព្រមពីមនុស្សពេញវ័យសម្រាប់ក្មេងៗ។
គួរជម្រាបថា ការសម្រេចចិត្តបញ្ចុះថ្លៃកម្រៃជើងសារនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមួយដែលជួយ Apple ក្នុងការសម្របខ្លួនទៅនឹងការត្រួតពិនិត្យបទប្បញ្ញត្តិជុំវិញពិភពលោក និងជំរុញឱ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់បច្ចេកវិទ្យាកំណត់អាយុផ្ទាល់ខ្លួនរបស់ខ្លួន៕











