កីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ៦រូប ចេញទៅប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូនេស៊ី

15-11-2025 08:36

(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា ៦រូប បានចេញទៅប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកាខាងមុខ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

ក្រុមកីឡាហែកទឹកពាក់ជើងទាកម្ពុជា ដែលទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចូលរួមព្រឹត្តិការណ៍ខាងលើ រួមមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, លឹម នរវិទូ រួមទាំងកីឡាការិនី កាំង មុយនីន និង ឃឺន ប៊ុនពេជ្រមរកត ដែលដឹកនាំដោយលោក ហែមថុន ពន្លឺ ជាគ្រូបង្វឹក និងលោក លឹម កែវឧត្តម ជាគ្រូជំនួយ។

ព្រឹត្តិការណ៍ហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍នេះ រៀបចំដោយសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍(CMAS SEA) ក្រោមការគាំទ្ររបស់សហព័ន្ធកីឡាក្រោមទឹកអន្ដរជាតិ(CMAS) ខណៈការរៀបចំលើកដំបូង បានធ្វើឡើងនៅប្រទេសកម្ពុជា កាលពីឆ្នាំ២០២៤ កន្លងទៅ ដោយកម្ពុជា ដណ្ដើមបានមេដាយសរុប ១៥គ្រឿង(មាស ២ ប្រាក់ ៧ និងសំរឹទ្ធ ៦) ឈរលេខ២ បន្ទាប់ពីវៀតណាម ដែលដណ្ដើមបានមេដាយច្រើនជាងគេសរុប ៣៩គ្រឿង (មាស ២១ ប្រាក់១៤ និងសំរឹទ្ធ ៤)៕