Google បោះទុន ៤០ ពាន់លាន វិនិយោគលើ AI ខណៈតិចសាស់នឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យធំបំផុត

15-11-2025 08:42

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google បានប្រកាសពីគម្រោងវិនិយោគដ៏មហិមាបំផុតរបស់ខ្លួននៅសហរដ្ឋអាមេរិក ដោយនឹងចំណាយ ៤០ ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យថ្មីចំនួនបីនៅរដ្ឋតិចសាស់ត្រឹមឆ្នាំ ២០២៧។ គោលដៅចម្បងនៃការវិនិយោគនេះ គឺដើម្បីពង្រីកសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធរបស់ Google ក្នុងការទ្រទ្រង់ និងជំរុញគំនិតផ្តួចផ្តើមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែកើនឡើងយ៉ាងគំហុក។ ការបោះទុនដ៏ធំនេះ ធ្វើឲ្យរដ្ឋតិចសាស់ក្លាយជាទីតាំងដែល Google វិនិយោគធំជាងគេបំផុតនៅក្នុងរដ្ឋណាមួយនៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការប្រកាសនេះ គូសបញ្ជាក់ពីការប្រកួតប្រជែងដ៏ក្ដៅគគុកក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា OpenAI, Microsoft, Meta Platforms និង Amazon ដែលសុទ្ធតែកំពុងចំណាយរាប់ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យផ្តោតលើ AI។ ឆ្លើយតបនឹងការវិនិយោគនេះ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Alphabet លោក Sundar Pichai បានបញ្ជាក់ថា៖ «ការវិនិយោគនេះនឹងបង្កើតការងាររាប់ពាន់កន្លែង ផ្តល់ការបណ្តុះបណ្តាលជំនាញដល់និស្សិតមហាវិទ្យាល័យ និងសិក្ខាកាមផ្នែកអគ្គិសនី ព្រមទាំងជំរុញគំនិតផ្តួចផ្តើមតម្លៃថាមពលសមរម្យនៅទូទាំងរដ្ឋតិចសាស់»

មជ្ឈមណ្ឌលទិន្នន័យថ្មីទាំងបីនឹងស្ថិតនៅក្នុងខោនធី Armstrong និង Haskell ខណៈ Google ក៏បន្តវិនិយោគលើបរិវេណ Midlothian និងតំបន់ Cloud Dallas ដែលមានស្រាប់ផងដែរ។ ការវិនិយោគនេះត្រូវបានស្វាគមន៍ដោយអភិបាលរដ្ឋតិចសាស់ លោក Greg Abbott ដែលបានថ្លែងថា៖ «ការវិនិយោគ ៤០ ពាន់លានដុល្លាររបស់ Google ធ្វើឲ្យរដ្ឋតិចសាស់ក្លាយជាកន្លែងដែល Google វិនិយោគធំជាងគេបំផុតនៅក្នុងរដ្ឋណាមួយនៃប្រទេស និងគាំទ្រដល់គំនិតផ្តួចផ្តើមប្រសិទ្ធភាពថាមពល និងការអភិវឌ្ឍន៍កម្លាំងពលកម្មនៅក្នុងរដ្ឋរបស់យើង»

ទោះបីជាយ៉ាងណាក៏ដោយ ការចំណាយដ៏ច្រើនលើ AI នាពេលបច្ចុប្បន្នបានធ្វើឱ្យអ្នកវិភាគមួយចំនួនមានការព្រួយបារម្ភ។ ពួកគេបានព្រមានថា ការវិនិយោគដ៏គំហុកនេះ អាចស្រដៀងនឹង «Tech Bubble»«តម្លៃភាគហ៊ុនឡើងថ្លៃហួសហេតុ» កាលពីអតីតកាល ដោយការវាយតម្លៃ និងការចំណាយលើសពីទិន្នផលរយៈពេលខ្លី។ ក្រុមអ្នកជំនាញទាំងនេះយល់ថា ការព្យាករណ៍តម្រូវការ AI អាចនឹងក្លាយជាសុទិដ្ឋិនិយមខ្លាំងពេក ប្រសិនបើការទទួលយក AI មិនកើនឡើងស្របតាមល្បឿននៃការចំណាយទុន៕