Mbappe ខកខានជួយមាន់គកបារាំង លេងជម្រុះចុងក្រោយ World Cup 2026 ដោយសារមានរបួស
15-11-2025 10:53
(ប៉ារីស)៖ ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe នឹងអវត្តមាននៅថ្ងៃប្រកួតបិទវគ្គជម្រុះ World Cup 2026 ទល់នឹងអាហ្សេបៃហ្សង់ចុងសប្តាហ៍នេះ បន្ទាប់ពីមានបញ្ហារបួសកជើងរួចមក។ នេះបើតាមការជូនដំណឹងពីសហព័ន្ធបាល់ទាត់បារាំង FFF កាលពីថ្ងៃសុក្រម្សិលមិញ។
ពីគេហទំព័រ The Score បានចេញផ្សាយថា ខ្សែប្រយុទ្ធមកពីក្លឹប Real Madrid វ័យ ២៦ឆ្នាំរូបនេះ ក៏រកបាន ២គ្រាប់ផងដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដែលបានបំបាក់អ៊ុយក្រែន ៤-០ ធានាកៅអីទៅ World Cup ឆ្នាំក្រោយនៅតំបន់អាមេរិកខាងជើងទៀតផង។
ទោះជាយ៉ាងណា ក្រុមរបស់លោក Didier Deschamps នឹងពុំមានវត្តមានតារាជើងស៊ុតរូបនេះ នៃជំនួបថ្ងៃអាទិត្យ ដើម្បីបិទបញ្ចប់វគ្គជម្រុះប្រចាំពូល D ស្ថិតក្នុងទីក្រុង Baku នោះឡើយ។
ក្នុងសេចក្តីថ្លែងការណ៍របស់ FFF បានបញ្ជាក់ថា «Mbappe មានអារម្មណ៍ឈឺចាប់នៅត្រង់កជើងរបស់លោកផ្នែកខាងស្តាំ ដែលទាមទារការពិនិត្យពិច្ច័យនៅថ្ងៃនេះ នាទីក្រុង Madrid ប្រទេសអេស្ប៉ាញ»។
ទន្ទឹមគ្នានោះ បារាំង អតីតម្ចាស់ជើងឯក World Cup ២សម័យ ក៏ពុំមានវត្តមាន Eduardo Camavinga ដោយសាររបួស និង Manu Kone ជាប់បម្រាមនៅថ្ងៃប្រកួតជម្រុះចុងក្រោយនេះដែរ។ បារាំង ស្ថិតក្នុងចំណោម ៣ក្រុមនៅអឺរ៉ុប ដែលបានកក់កៅអីទៅ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ក្រៅពីអង់គ្លេស និងក្រូអាត៕



