ក្រុមហ៊ុន «អាណាណា កុំព្យួទ័រ» បើកសិក្ខាសាលាក្រោមប្រធានបទ «ការជំរុញភាពជាដៃគូសម្រាប់ឆ្នាំ២០២៥» បង្កើនសមត្ថភាពប្រកួតប្រជែង និងលើកកម្ពស់សេវាកម្មឌីជីថលនៅកម្ពុជា

15-11-2025 12:03

(ភ្នំពេញ)៖ ក្រុមហ៊ុន អាណាណា កុំព្យួទ័រ, ក្រុមហ៊ុន Vertiv Cambodia និង Ruijie Cambodia ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅឯសណ្ឋាគារ សាន់ អេនម៉ូន បានរៀបចំកម្មវិធីសិក្ខាសាលាក្រោមប្រធានបទ «អបអរសារ និងការជំរុញ ភាពជាដៃគូ សម្រាប់ឆ្នាំ២០២៥» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក វណ្ឌឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណា កុំព្យូទ័រ, លោក Daniel Sim តំណាងក្រុមហ៊ុន Vertiv Cambodia, លោក Zaki តំណាងក្រុមហ៊ុន Ruijie Cambodia ព្រមទាំងដៃគូពាក់ព័ន្ធមកពីបណ្ដាក្រុមហ៊ុននានាជាច្រើនទៀត។

លោក អ៊ុក វណ្ឌឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឲ្យដឹងថា កម្មវិធីសិក្ខាសាលាក្រោម ប្រធានបទ អបអរសារ និងការជំរុញ ភាពជាដៃគូ សម្រាប់ឆ្នាំ២០២៥នេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់ចំណេះដឹងបច្ចេកទេស និងសមត្ថភាព របស់ដៃគូអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងលើកកម្ពស់សេវាកម្មឌីជីថល ក្នុងប្រទេសកម្ពុជា ប្រកបដោយ ភាពប្រទាក់ប្រឡា និងប្រកបដោយគុណភាព។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចង្អុលបង្ហាញនូវភាពចាំបាច់ ការចាប់យកកាលានុវត្តភាព ពីការរីកចំរើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើនផលិតភាព ជំរុញពិពិធកម្ម បង្កើតនិងលើកកម្ពស់គុណភាពការងារ។ ក្នុងន័យនេះ ការជំរុញសេវាកម្មវិស័យឌីជីថល ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការធ្វើបដិវត្តន៍កម្មឌីជីថល បាននិងកំពុងក្លាយជាគន្លងដ៏មានសារៈសំខាន់មួយ ក្នុងការគាំទ្រការអភិវឌ្ឍប្រទេសជាតិ។ ការវិនិយោគក្នុងបណ្តាញឌីជីថល បុគ្គលិកជំនាញ និងសេវាកម្មឌីជីថលជាច្រើន កំពុងធ្វើឲ្យប្រទេសកម្ពុជាចូលជិតនឹងគោលដៅ នៃការប្រែក្លាយទៅជាសង្គមឌីជីថលពេញលេញនាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលសំខាន់ៗ មួយចំនួនរួមមានការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យារបស់សាធារណជន និងស្ថាប័នរដ្ឋ, ការគាំទ្រការវិនិយោគឯកជនក្នុងការអភិវឌ្ឍវិស័យឌីជីថល, ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងសុវត្ថិភាពសាយប៊ែរ និងការលើកកម្ពស់សេវាឌីជីថលរបស់រដ្ឋាភិបាលឲ្យកាន់តែប្រសើរឡើង។

ក្នុងនោះក៏ការរួមចំណែកពីក្រុមហ៊ុនវិស័យឯកជនមួយចំនួន រួមមានជាក្រុមហ៊ុន អាណាណា កុំព្យូទ័រ, ក្រុមហ៊ុន Vertiv, Ruiji និងដៃគូអភិវឌ្ឍមួយចំនួនទៀតផងដែរ។ ការចូលរួមពីបណ្ដារក្រុមហ៊ុន វិស័យឯកជន និងដៃគូអភិវឌ្ឍ រួមជាមួយរដ្ឋាភិបាលកម្ពុជា នឹងអាចបន្តអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឲ្យមានគុណភាពខ្ពស់ ប្រកបដោយភាពបត់បែន អាចឈានចូល ការប្រកួតប្រជែងបានជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ។

លោកសូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ឲ្យដៃគូវិស័យឯកជនទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីរួមគ្នាផ្លាស់ប្តូរវិស័យបច្ចេកវិទ្យានេះឲ្យកាន់តែរីកចម្រើនខ្លាំង និងធ្វើយ៉ាងណា ឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលឌីជីថលដ៏សំខាន់មួយ ក្នុងតំបន់អាស៊ាននាពេលខាងមុខ។ កិច្ចសហការរៀបចំព្រឹត្តិការណ៍សិក្ខាសាលាដ៏មានសារៈសំខាន់នេះ គឺជាការចូលរួមក្នុងការផ្ដល់ចំណេះដឹង ព័ត៌មាននឹងការធ្វើបច្ចុប្បន្នភាព អំពីបច្ចេវិទ្យាចុងក្រោយ លើវិស័យឌីជីថល ដល់ម្ចាស់ អាជីវកម្ម ដៃគូសហការ និងសិក្ខាកាម ដែលមានវត្តមាន នៅក្នុងថ្ងែនេះ។ ជាមួយគ្នានេះ លោកក៏សូមអំពាវនាវឲ្យយើងទាំងអស់គ្នា បន្តការចែករំលែកចំណេះដឹង និងចូលរួមជំរុញវិស័យបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសយើងឲ្យមានការរីកចម្រើនទៅមុខ ជានិច្ចតាមការដែលអាចធ្វើទៅបាន។

ដោយឡែកលោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណា កុំព្យូទ័រ បានថ្លែងឲ្យដឹងថា កម្មវិធីការជំរុញភាពជាដៃគូនឹងគ្នា ប្រចាំឆ្នាំ២០២៥ (Partner Enablement and Celebration 2025) គឺជាវេទិកាសំខាន់មួយ ដែលអាណាណា សហការរៀបចំឡើងជាមួយក្រុមហ៊ុន Vertiv និង Ruijie ប្រចាំប្រទេសកម្ពុជា ដើម្បីអបអរសាទរជោគជ័យ និងការចូលរួមដ៏សកម្មរបស់ដៃគូទាំងអស់ ក្នុងការរួមគ្នាជំរុញឱ្យឧស្សាហកម្មបច្ចេកវិទ្យានៅកម្ពុជា អភិវឌ្ឍន៍ទៅមុខជានិច្ច។ អាណាណា តែងតែជឿជាក់ថា «ជោគជ័យរបស់យើង គឺកើតចេញពីជោគជ័យរបស់ដៃគូ»

លោកបន្តថា តាមរយៈកម្មវិធីនេះនឹងចែករំលែកនូវចំណេះដឹងថ្មីៗ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពអំពីបច្ចេកវិទ្យាចុងក្រោយ រួមទាំងការតាំងបង្ហាញនូវ ឧបករណ៍ដែលបម្រើដល់វិស័យទូរគមនាគមន៍របស់ក្រុមហ៊ុន Vertiv និង Ruijie ទៅដល់ម្ចាស់អាជីវកម្ម ក៏ដូចជាដៃគូសហការផងដែរ។ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន អាណាណា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូទាំងអស់ដែលបានជឿទុកចិត្ត និងសហការជាមួយយើងជាបន្តបន្ទាប់។ អាណាណា នឹងបន្តខិតខំធ្វើការជាមួយដៃគូ ដើម្បីផ្តល់សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងទីផ្សារដែលកំពុងអភិវឌ្ឍន៍យ៉ាងលឿន៕