ស្ថាប័នអប់រំ «AG Education» ប្រគល់ប័ណ្ណសរសើរ និងពានរង្វាន់ដល់សិស្សជ័យលាភីនិទ្ទេស A ជំនាន់ទី១៦

15-11-2025 14:12

(ភ្នំពេញ)៖ ស្ថាប័នអប់រំ AG Education មានសាលារៀន អារីហ្សូន និងសាលាអន្តរជាតិ ហ្គ្រេនម៉ោន ជាបុត្រសម្ព័ន្ធ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីប្រគល់ប័ណ្ណសរសើរ និងពានរង្វាន់ដល់សិស្សជ័យលាភីនិទ្ទេស A ជំនាន់ទី១៦ នៅទីតាំងសាខារបស់ខ្លួន ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានៅភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ AG លោកគ្រូ អ្នកគ្រូ មកពីសាខានានាតាមបណ្ដាខេត្ត ព្រមទាំងគណគ្រប់គ្រសាលា និងសិស្សជ័យលាភីនិទ្ទេស A ជាច្រើននាក់។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ AG បានថ្លែងថា លោកសូមចូលរួមអបអរសាទរសមិទ្ធផល និងភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់ របស់សិស្សជ័យលាភីនិទ្ទេស A របស់យើង ហើយនេះគឺជាវេលាមួយដែលពោរពេញទៅដោយអត្ថន័យបំផុត បង្ហាញពីការជំរុញចិត្តការកោតសរសើរ និងការអបអរសាទរទៅលើសមិទ្ធផល របស់សិស្សានុសិស្សដ៏ឆ្នើមរបស់យើង។ ការខិតខំប្រឹងប្រែងការលះបង់ និងភាពល្អឥតខ្ចោះរបស់កូនៗក្មួយៗ មិនត្រឹមតែផ្តល់ជូនកូនៗក្មួយៗ នូវការកោតសរសើរ និងការទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ព្រមទាំងរូបលោកផ្ទាល់ មានមោទនភាពយ៉ាងក្រៃលែងចំពោះ កូនៗក្មួយៗ។ កូនៗក្មួយៗ គឺជាសក្ខីភាពដែលបញ្ជាក់ថា យើងអាចសម្រេចកិច្ចការគ្រប់យ៉ាង ឱ្យតែយើងមានការតស៊ូព្យាយាម ការអត់ធ្មត់ និងការប្តេជ្ញាចិត្ត។ លោកឧកញ៉ាសូមឲ្យភាពជោគជ័យមួយនេះជំរុញចិត្តកូនៗក្មួយៗទាំងអស់គ្នា ឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាងនេះទៀតនាថ្ងៃអនាគត។

ឧកញ៉ាវេជ្ជបណ្ឌិត បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគន្លឹះ និងអាទិភាពចំនួន៤ ដើម្បីលើកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់អប់រំកុមារតូច បឋមសិក្សា និងមធ្យមសិក្សា ពោលគឺពង្រឹងគុណភាពវិស័យអប់រំកាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានក្រសួងអប់រំយុវជន និងកីឡាជាសេនាធិការ ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដោយអនុលោមតាមគោលការណ៍ដឹកនាំ តាមបែបយុទ្ធសាស្ត្រនាសម័យទំនើប ពោលគឺយុវជន Digital របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧកញ៉ាវេជ្ជបណ្ឌិតក៏សូមជូនសារដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ ទំនុកចិត្តរបស់អ្នកសម្រាប់កូនៗ ក្មួយៗសិស្សានុសិស្ស និងសមិទ្ធផលរបស់ពួកគេ បានដើរតួនាទីយ៉ាងសំខាន់ និងចូលរួមចំណែកសម្រាប់ភាពជោគជ័យ របស់សិស្សានុសិស្សឆ្នើមរបស់យើង។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលើកទឹកចិត្ត និងការទទួលស្គាល់សមិទ្ធផលដ៏អស្ចារ្យរបស់សិស្សជ័យលាភីនិទ្ទេស A របស់យើង។ ការគាំទ្ររបស់លោកអ្នកពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការចូលរួមចំណែកក្នុងការរៀបចំកម្មវិធីមួយនេះឡើង។ លោកសូមថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់លោកអ្នក និងការចូលរួមអំណរសាទរដល់សិស្សជ័យលាភីនិទ្ទេស A របស់យើង។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា អង្គពិធីទាំងមូលនឹងចងចាំនូវការជំរុញចិត្ត និងការលើកទឹកចិត្តរបស់សិស្សានុសិស្សឆ្នើមរបស់យើងក្នុងពិធីនាព្រឹកនេះ។ លោកក៏សូមលើកទឹកចិត្តលោក លោកស្រី និងសិស្សានុសិស្សទាំងអស់ បន្តការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យបន្ថែមទៀត ព្រមទាំងជួយជ្រោមជ្រែងបងប្អូនមិត្តភក្តិ នៅជុំវិញខ្លួនយើងឱ្យសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យផងដែរ។ លោកសូមរំឮកផងដែរថា ការកោតសរសើរ និងការទទួលស្គាល់នេះមិនគ្រាន់តែរូបភាព ជាពានរង្វាន់តែម៉្យាងទេ ប៉ុន្តែវាបញ្ជាក់អំពីឥទ្ធិពល និងការផ្លាស់ប្តូរជាវិជ្ជមានដែលយើងបានបង្កើតឡើង សម្រាប់សង្គមជាតិទាំងមូលរបស់យើង។ យើងមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលរបស់កូនៗក្មួយៗ ហើយពួកយើងទន្ទឹងរង់ចាំមើលសមិទ្ធផលធំៗផ្សេងទៀត របស់កូនៗក្មួយៗនាពេលអនាគត។

សូមបញ្ជាក់ថា ស្ថាប័នអប់រំ AG Education មានសាលារៀន អារីហ្សូន និងសាលាអន្តរជាតិ ហ្គ្រេនម៉ោន ជាបុត្រសម្ព័ន្ធ គឺជាសាលាចំណេះទូទៅត្រីភាសា (Trilingual Education) ដែលមានកម្មវិធីសិក្សាជាតិ កម្មវិធីសិក្សាអន្តរជាតិពីចក្រភពអង់គ្លេស (UK-Based Curriculum, Cambridge GCSE & IGCSE) និងភាសាចិនរួមជាមួយនឹងសកម្មភាពក្រៅពីកម្មវិធីសិក្សាបន្ថែមដូចជា ព័ត៌មានវិទ្យា សិល្បៈ កីឡា របកគំហើញថ្មី ពោលគឺ STEAM (Science, Technology, Engineering, Arts and Mathematics) ជាអាទិភាព និងកម្មវិធីសិក្សាភាសាអង់គ្លេស សម្រាប់គោលបំណងជាក់លាក់ (English for Specific Purposes)។ យើងផ្តោតទៅលើការបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្ត នៅថ្នាក់ឧត្តមសិក្សា និងក្លាយជាអ្នកដឹកនាំឆ្នើម ប្រកបដោយស្មារតីសហគ្រិនភាពនាពេលអនាគតដ៏ខ្លីខាងមុខ៕