Tim Cook អាចនឹងលាលែងពីតំណែង CEO ក្រុមហ៊ុន Apple នៅឆ្នាំក្រោយ
15-11-2025 19:14
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple ត្រូវបានគេរាយការណ៍ថា បានបង្កើនការរៀបចំផែនការបន្តវេនសម្រាប់តំណែងជានាយកប្រតិបត្តិ (CEO) របស់ខ្លួន ដោយមានសេចក្តីរំពឹងថា លោក Tim Cook អាចនឹងចុះចេញពីតំណែងដ៏ខ្ពង់ខ្ពស់នេះនៅដើមឆ្នាំក្រោយ (២០២៦)។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន Financial Times ដោយដកស្រង់សម្តីពីប្រភពដែលដឹងច្បាស់ពីកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុន។
ក្រុមប្រឹក្សាភិបាល និងនាយកជាន់ខ្ពស់របស់ Apple ត្រូវបានគេរាយការណ៍ ថា «ទើបតែបង្កើន» ការរៀបចំផែនការបន្តវេនសម្រាប់តំណែងកំពូលរបស់ខ្លួន ក្នុងគោលបំណងរៀបចំផ្លូវសម្រាប់លោក Cook ក្នុងការប្រគល់កាតព្វកិច្ចដឹកនាំក្រុមហ៊ុនដែលមានតម្លៃរហូតដល់ ៤ ទ្រីលានដុល្លារនេះ បន្ទាប់ពីលោកបានកាន់តំណែងអស់រយៈពេលជាង ១៤ ឆ្នាំ។
លោក John Ternus ដែលបច្ចុប្បន្នជាអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មផ្នែករឹង (Senior VP of Hardware Engineering) ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបេក្ខជនដែលមានសក្តានុពលបំផុតដើម្បីបន្តតំណែងពីលោក Cook។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានបញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយទេ។
លោក Ternus បានចូលរួមជាមួយ Apple តាំងពីឆ្នាំ ២០០១ ហើយមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងក្រុមហ៊ុន ដោយដឹកនាំការអភិវឌ្ឍផ្នែករឹងសម្រាប់ផលិតផលសំខាន់ៗដូចជា iPhone, iPad, Mac និង AirPods។ ការជ្រើសរើសរូបលោក នឹងនាំមកនូវមេដឹកនាំដែលផ្តោតលើផ្នែកវិស្វកម្ម និងផលិតផលត្រឡប់មកកាន់តំណែងកំពូលវិញ។
ទំនងជាក្រុមហ៊ុន Apple នឹងមិនប្រកាសឈ្មោះនាយកប្រតិបត្តិថ្មីទេ រហូតដល់ក្រោយរបាយការណ៍ចំណូលបន្ទាប់របស់ខ្លួននៅចុងខែមករា ដែលគ្របដណ្តប់លើរដូវកាលលក់ដ៏សំខាន់ប្រចាំឆ្នាំ។ ការប្រកាសនៅដើមឆ្នាំក្រោយ នឹងផ្តល់ពេលវេលាគ្រប់គ្រាន់ឱ្យក្រុមដឹកនាំថ្មីរៀបចំខ្លួនមុនព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំរបស់ Apple ដូចជាសន្និសីទអ្នកអភិវឌ្ឍន៍នៅខែមិថុនា និងការដាក់លក់ iPhone ថ្មីនៅខែកញ្ញា។
ប្រភពដែលស្និទ្ធស្នាលនឹង Apple បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរដែលបានគ្រោងទុកជាយូរមកហើយនេះ គឺ មិនទាក់ទង ទៅនឹងដំណើរការបច្ចុប្បន្នរបស់ក្រុមហ៊ុននោះទេ។ របាយការណ៍នេះកើតឡើងមុនពេលក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងមានការលក់យ៉ាងខ្លាំងក្លានៅចុងឆ្នាំសម្រាប់ផលិតផល iPhone របស់ខ្លួន។
គួរបញ្ជាក់ផងដែរថា លោក Cook ដែលមានវ័យ ៦៥ ឆ្នាំ បានដឹកនាំក្រុមហ៊ុន Apple តាំងពីឆ្នាំ ២០១១ បន្ទាប់ពីលោក Steve Jobs បានលាលែងពីតំណែង។ ក្រោមការដឹកនាំរបស់លោក ទំហំទីផ្សាររបស់ Apple បានកើនឡើងយ៉ាងគំហុកពីប្រមាណ ៣៥០ ពាន់លានដុល្លារ ទៅដល់ ៤ ទ្រីលានដុល្លារ នាពេលបច្ចុប្បន្ននេះ៕





