សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា រៀបចំទិវាសហគ្រិនភាពកម្ពុជា លើកទី១៣ លើប្រធានបទ «ការវិនិយោគដើម្បីអនាគត» ឆ្ពោះទៅកាន់ចក្ខុវិស័យជាតិឆ្នាំ២០៣០
16-11-2025 12:44
(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN Cambodia) បានរៀបចំដោយជោគជ័យនូវ ទិវាសហគ្រិនភាពកម្ពុជា (CED) លើកទី១៣ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅស្របពេលជាមួយនឹងសប្តាហ៍ សហគ្រិនភាពសកល។ ប្រធានបទនៃទិវាឆ្នាំនេះរៀបចំក្រោមប្រធានបទ «ចក្ខុវិស័យ ឆ្នាំ២០៣០៖ វិនិយោគដើម្បីអនាគត» ដែលផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចបរិយាបន្ន ហិរញ្ញប្បទានមូលធន និងចីរភាព។
ប្រធានបទនេះបានគាំទ្រដោយផ្ទាល់នូវទិសដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
ក្នុងនោះក៏មានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងសន្តរថាបើកទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥, បណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផងដែរ។
លោក ហ៊ុន ម៉ានី បានថ្លែងឲ្យដឹងពីគន្លឹះដ៏សំខាន់ស្តីពី «ការវិនិយោគលើយុវជន និងសហគ្រិន» ដែលនេះជាការចូលរួមជាអធិបតីលើកទី៣ ក្នុងទិវាសហគ្រិនភាពកម្ពុជា (CED) ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងការទទួលស្គាល់ដ៏សំខាន់ របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា «ការគាំទ្រដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលនេះ បញ្ជាក់យ៉ាងច្បាស់ពីការទទួលស្គាល់ថា វិស័យឯកជនជាដៃគូដ៏សំខាន់ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ យើងខ្ញុំជាសហគ្រិន ចាត់ទុកប្រទេសកម្ពុជាជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលរដ្ឋនិងឯកជនជាម្ចាស់ភាគហ៊ុន រួមគ្នាដើម្បីភាពរីកចម្រើន»។
ឧកញ៉ាបានបន្តទៀតថា «សមាគមបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងផលិតកម្ម និងពាណិជ្ជកម្មក្នុងស្រុកឲ្យកាន់តែរឹងមាំ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ សមាគមបានដាក់ចេញនូវ យុទ្ធសាស្ត្រសមាគម២០៣០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទាំងអស់គ្នាទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នាជាដៃគូដ៏មិនអាចខ្វះបាន ដើម្បីសម្រេចនូវទិសដៅរួមដ៏សំខាន់នេះ»។
សម្រាប់សប្តាហ៍ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកវិសាលភាពដោយសហការរៀបចំទិវា សហគ្រិនភាពរយៈពេលមួយសប្តាហ៍ពេញគឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា។ ទិវានេះបានប្រារព្ធឡើងនៅតាមបណ្តាខេត្តចំនួន ៧ ដែលសមាគមមានសាខារួមមាន៖ ក្រចេះ, សៀមរាប, ព្រះសីហនុ, កំពត-កែប, បាត់ដំបង និង បន្ទាយមានជ័យ។
ក្នុងនោះក៏បានរៀបចំតាមគ្រឹះស្ថានសិក្សាធំៗចំនួន៥ ក្នុងរាជធានីភ្នំពេញរួមមាន៖ សាកលវិទ្យាល័ជាតិគ្រប់គ្រង (NUM), វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN), វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (ITC), សាលារៀនវ៉េស្ទឡាញន៍ Westline School និង វិទ្យាស្ថានខេមអេដ CamEd Business School។
ដៃគូសហការ និងឧបត្ថម្ភគាំទ្រទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥ ៖
* Diamond Sponsors៖ សហគ្រិនខ្មែរ (KE) និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
* Gold Sponsors៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank), ក្រុមហ៊ុន ជេ ធី អាយ (JTI) និង ធនាគារ មេយប៊ែង (Maybank Cambodia)។
* Silver Sponsors៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កាណាឌីយ៉ា ភីអិលស៊ី និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក។
* Event Sponsors៖ អង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO), គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ, វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) និងក្រុមហ៊ុន Cambodian Standard Development & Supply Co.Ltd (CSDS)។
សូមជម្រាបថា សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា។ YEAC គឺជាសមាគមមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកចំណេះដឹង និងបង្កើតនូវឱកាសអាជីវកម្ម ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា៕













