មន្ដ្រីជាន់ខ្ពស់កីឡាកម្ពុជា ចាត់ទុកសាលាកីឡាគុណធម៌ ជាគំរូសម្រាប់អ្នកមានធនធានវិនិយោគផ្នែកសុខភាព
16-11-2025 14:31
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកសាលាកីឡាគុណធម៌ គឺជាសាលាកីឡាឯកជនដ៏ធំដំបូងគេនៅកម្ពុជា ហើយក៏ជាគំរូសម្រាប់អ្នកមានធនធានធ្វើការវិនិយោគ ក្នុងការងាយមកបង្កើតនូវសាលាកីឡាឲ្យបានច្រើន ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពសង្គម ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
ថ្លែងក្រោយពិធីសម្ពាធផ្លូវការ កាលពីល្ងាថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ មន្ដ្រីជាន់ខ្ពស់កីឡាកម្ពុជាខាងលើ បានគូសបញ្ជាក់ថា «វត្តមានសាលាកីឡាគុណធម៌ គឺជាគំរូមួយដ៏ល្អសម្រាប់អ្នកវិនិយោគទាំងអស់ ឬអ្នកចូលចិត្តស្រលាញ់អាជីវកម្មសាលាកីឡាបែបនេះឲ្យយកគំរូតាម ឬរៀបចំបង្កើតសាលាកីឡាឲ្យបានច្រើន ព្រោះសាលាកីឡា ក៏អាចអប់រំកុមារ និង យុវជន។ ធាតុផ្សំនៃការអប់រំ គឺមានការអប់រំផ្នែកចំណេះដឹង ចំណេះធ្វើ និង ចរិយាធម៌។ ប៉ុន្តែការអប់រំខាងផ្នែកកាយសម្បទា គឺជាការអប់រំដ៏សំខាន់មួយ ដែលអាចឲ្យមនុស្សគ្រប់រូបមានសុខភាពផ្លូវចិត្ត និង ផ្លូវកាយបានល្អ មានបញ្ញាវាងវៃក្នុងការសិក្សា»។
«ប្រសិនបើយើងមានជំងឺ ប្រាកដជាពិបាកក្នុងការសិក្សា។ ដូច្នេះនេះជាចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់នូវសកម្មភាពអប់រំកាយ និងកីឡា នៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ទូទាំងប្រទេស ហើយកំពុងតែធ្វើការយ៉ាងសកម្មផ្លាស់ប្ដូរសកម្មភាពអប់រំកាយ និងកីឡា នៅសាលាទាំងអស់នៅកម្ពុជា។ ដើម្បីលើកស្ទួយមូលដ្ឋានគ្រឹះអប់រំកាយ និងកីឡា ដល់ប្អូនៗឲ្យបានសប្បាយរីករាយផង មានសុខភាពល្អ បញ្ញាស្មារតីភ្លឺថ្លា គឺមានតែសាលាកីឡាដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបាន»។ លោក វ៉ាត់ ចំរើនប បន្ថែម។
លោកបណ្ឌិត សេង ប៊ុនសុង នាយកគ្រប់គ្រងសាលាកីឡាគុណធម៌មានប្រសាសន៍ថា សាលាកីឡារបស់ខ្លួន មានកម្មវិធីសិក្សា និងហ្វឹកហាត់លេងកីឡាពេញម៉ោង និងពោរពេញដោយជំនាញវិជ្ជាជីវៈកីឡា ដោយសាលាបានកំណត់យកអភិក្រម ៣សំខាន់ គឺ វិន័យ គុណធម៌ និង ការពារខ្លួន ។ គោលដៅចម្បងរបស់សាលាកីឡាគុណធម៌ គឺចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ ក្នុងការអប់រំសុខុមាលភាពសាធារណៈជូនសង្គមជាតិ តាមរយៈការ អប់រំកុមារ យុវជន ប្រជាពលរដ្ឋ ឲ្យធ្វើសកម្មភាពរាងកាយ សកម្មភាពផ្លូវចិត្ត ដើម្បីទទួលបាន មកវិញនូវគុណភាពជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អ ឈានទៅជួយកសាងកម្លាំងផលិតភាពសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាថែមទៀត។
នាយកគ្រប់គ្រងដដែលបន្ដថា សាលាកីឡាគុណធម៌ បានដំណើរការជាបណ្តើរៗ រយៈពេលជាង ១ឆ្នាំមកហើយ មុនពិធីសម្ពោធបើកដំណើរការផ្លូវការ ។ បច្ចុប្បន្នសាលាមានសិស្សហ្វឹកហាត់កីឡាប្រមាណ ៦០នាក់ ដែលផ្ដោតលើកម្មវិធីហ្វឹកហាត់កីឡាជាច្រើន ដូចជាគុនល្បុក្កតោ គុនខ្មែរ គុនចម្រុះ តេក្វាន់ដូ ការ៉ាតេ កីឡារាំ និងលំហាត់ប្រាណសុខភាពជាច្រើនទៀត ដែលបង្ហាត់បង្រៀនដោយព្រឹទ្ធាចារ្យ និងគ្រូបង្វឹកមានបទពិសោធន៍ជាច្រើន៕










