ព្រឹត្តិការណ៍ «Fun Run with Cambodian Surgeons for Cambodian Children» បានប្រារព្ធធ្វើនៅថ្ងៃទី១៦ វិច្ឆិកា២០២៥ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងប្រមូលថវិកាគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា

16-11-2025 15:45

(ភ្នំពេញ)៖ សមាគមសល្យសាស្ត្រកម្ពុជា រួមមានសមាគមសល្យសាស្ត្រប្រព័ន្ធទឹកនោម សល្យសាស្ត្រកុមារ សល្យសាស្ត្រប្រព័ន្ធប្រសាទ និងសោភ័ណសល្យសាស្ត្រ បានបង្កើតព្រឹត្តិការណ៍ «Fun Run with Cambodian Surgeons for Cambodian Children» នៅថ្ងៃទី ១៦ វិច្ឆិកា២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាព ការអនុវត្តន៍កាយសម្ពន្ធ និងបង្កើនទំនាក់ទំនងសហភាតរភាពរវាងអ្នកផ្តល់សេវាសុខាភិបាល។

ព្រឹត្តិការណ៍នេះរៀបចំនៅក្នុងកិច្ចសហការរវាងសមាគមសល្យសាស្ត្រកម្ពុជាជាមួយក្រុមហ៊ុន Getz Pharma Cambodia និង មន្ទីរពហុព្យាបាលអន្តរជាតិខេមា ដែលមានបំណងលើកទឹកចិត្តជាសាធារណៈឱ្យចូលរួមសកម្មភាពកីឡា និងចូលរួមចំណែកជួយកុមារកម្ពុជាតាមរយៈការប្រមូលមូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។

សូមជ​ម្រាបជូនថា ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណជាង២០០នាក់ រួមទាំងលោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទាំងផ្នែកសល្យសាស្រ្ត និងជំនាញផ្សេងៗ ព្រមទាំង ឱសថការីឧត្ដម និស្សិតពេទ្យ អ្នកបម្រើវិស័យសុខាភិបាល និងអ្នកស្ម័គ្រចិត្តផងដែរ។

លោក ឡុង អមតៈ នាយកគ្រប់គ្រង ក្រុមហ៊ុន Getz Pharma Cambodia បានបញ្ជាក់ថា ការគាំទ្រព្រឹត្តិការណ៍បែបសង្គមប្រភេទនេះ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេលវែងក្នុងការលើកកម្ពស់វិសយ័សុខាភិបាល និងការជួយកុមារក្នុងសង្គមខ្មែរ។ ក្រុមហ៊ុនGetz Pharma ជាក្រុមហ៊ុនដែលផ្តល់នូវឱសថមានគុណភាពខ្ពស់ តម្លៃសមរម្យ ដែលតែងតែចូលរួមគាំទ្រព្រឹត្តិការណ៍សាធារណៈ និង ជួយសង្គមជាច្រើនដូចជាការជួយដល់កុមាររងគ្រោះដោយអំពើហិង្សា និងការបង្កើតមូលនិធិជួយដល់គ្រួសារវីរជនកងទ័ព។

ព្រឹត្តិការណ៍ «Fun Run with Cambodian Surgeons for Cambodian Children» មិនត្រឹមតែជាសកម្មភាពកីឡាសប្បាយរីករាយទេ ប៉ុន្តែជាគោលបំណងដ៏មានតម្លៃក្នុងការរួមចំណែកធ្វើឱ្យកុមារកម្ពុជាមានសុខភាពល្អប្រសើរ និង អ្នកផ្តល់សេវាសុខាភិបាលរួមគ្នាថែរក្សាសុខភាពខ្លួនឯងផងដែរ។ មួយវិញទៀតសូមអំពាវនាវឱ្យសាធារណៈជនចូលរួមយ៉ាងសកម្មក្នុងការរត់ដើម្បីសុខភាព និងការគាំទ្រដល់កុមារ៕