Selby គ្រងជើងឯកពាន Champion of Champions ជាលើកដំបូង ក្នុងអាជីព Snooker
17-11-2025 10:08
(បរទេស)៖ កីឡាករស្នូកឃ័រ Mark Selby អតីតជើងឯកពិភពលោក ៤សម័យកាល បានក្លាយជាជើងឯកពាន Champion of Champions 2025 ជាលើកដំបូងក្នុងអាជីពរបស់គេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករអង់គ្លេសរូបនេះ បានផ្តួលជើងខ្លាំងលេខ១ ពិភពលោក Judd Trump ដោយលទ្ធផល ១០-៥ នៅឯទីលាន Mattioli Arena ស្ថិតនៅទីក្រុង Leicester ដែលជាទឹកដីរបស់ខ្លួន ដោយរកបាន ១៣៨ពិន្ទុក្នុង ១ហ្វ្រេមទៀតផង។
Selby ដែលបានឈ្នះពាន World Champions កាលពីពេលថ្មីៗឆ្នាំ២០២១ នោះ បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ITV ថា «កម្មវិធីនេះពោរពេញទៅជើងខ្លាំងចូលរួម ដែលញាំងឱ្យការប្រកួតខ្លាំងក្លា។ ថ្ងៃនេះខ្ញុំលេងបានល្អ និងដឹងពីរបៀបផ្តួល Judd ដែលជាជើងខ្លាំង ១រូប»។
រូបគេបានបង្ហាញទម្រង់កម្រិតពិភពលោក និងវាយបាន ១៣៨ពិន្ទុខ្ពស់បំផុតនៅផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ដើម្បីរកបានជ័យជម្នះជាលើកទី៩ ក្នុងចំណោម ១១ហ្វ្រេម និងផ្តល់ការខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រជាលើកទី៥ សម្រាប់ Trump ផងដែរនាឆ្នាំនេះ៕




