កាសែត Asahi៖ ជប៉ុនកំពុងពិចារណាលើច្បាប់រូបិយប័ណ្ណឌីជីថលថ្មី

17-11-2025 10:11

(បរទេស)៖ រដ្ឋបាលសេវាហិរញ្ញវត្ថុជប៉ុន (FSA) កំពុងពិចារណាកែទម្រង់ច្បាប់គ្រប់គ្រងសកម្មភាពរូបិយប័ណ្ណឌីជីថល ដោយផ្ដួចផ្ដើមកំណែទម្រង់នានាដើម្បីពង្រឹងសុវត្ថិភាព និងការការពារវិនិយោគិន ព្រមទាំងបង្កើនការចូលរួមរបស់ស្ថាប័នហិរញ្ញវត្ថុធំៗ។ ព័ត៌មាននេះត្រូវបានរបាយការណ៍ដោយសារព័ត៌មាន Asahi។

តាមរបាយការណ៍ បានឲ្យដឹងថា FSA គ្រោងនឹងកំណត់រូបិយប័ណ្ណឌីជីថលជាង ១០០ប្រភេទ រួមទាំង Bitcoin និង Ethereum ឲ្យក្លាយជាមូលបត្រហិរញ្ញវត្ថុ ហើយលើកចូលក្នុងបទបញ្ញត្តិហិរញ្ញវត្ថុដូចជាមូលបត្រ។ នៅក្រោមបែបបទនេះ ការជួញដូររូបិយប័ណ្ណឌីជីថលអាចត្រូវគ្រប់គ្រងដោយច្បាប់ប្រឆាំងនឹង «ការជួញដូរខាងក្នុង» ដូចជាការជួញដូរហ៊ុន។ គម្រោងនេះក៏តម្រូវឱ្យបណ្តាស្ថាប័នផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលបង្ហាញព័ត៌មានសំខាន់ៗអំពីហានិភ័យ ដូចជាការការប្រែប្រួលតម្លៃ។ ជាមួយនេះ ស្ថាប័នធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងក៏អាចត្រូវបានអនុញ្ញាតឲ្យលក់ផលិតផលរូបិយប័ណ្ណឌីជីថលតាមរយៈក្រុមហ៊ុនរងសេវាហ៊ុនរបស់ខ្លួនផងដែរ។

ចំពោះការបង់ពន្ធ ប្រព័ន្ធពន្ធថ្មីអាចធ្វើឲ្យប្រាក់ចំណេញពីរូបិយប័ណ្ណឌីជីថលត្រូវបង់ពន្ធត្រឹម ២០% ប៉ុណ្ណោះ ជំនួសនឹងអត្រាអតិបរមាដល់ ៥៥%នៅបច្ចុប្បន្ន។ វាអាចធ្វើឲ្យទីផ្សារជួញដូររូបិយប័ណ្ណឌីជីថលរបស់ជប៉ុន ក្លាយជាមានការចូលរួមច្រើនជាងមុនចំពោះវិនិយោគិន។
ច្បាប់ដំណើរការថ្មីៗទាំងនេះ គ្រោងនឹងត្រូវដាក់ស្នើក្នុងសម័យប្រជុំសភាធម្មតារបស់ជប៉ុននៅពេលខាងមុខនេះ៕