អន្ដរជាតិមានភាពកក់ក្ដៅ និងជឿជាក់សុខសន្ដិភាពនៅកម្ពុជា ក្រោយចូលរួមប្រកួតពានរង្វាន់ ទេព ឃុនណា លើកទី៣០
17-11-2025 10:22
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា លើកទី៣០ (30th Annual Tep Kunnah Memorial Cup 2025) ឆ្នាំ២០២៥ បានបញ្ចប់សប្តាហ៍ទី១ ដោយជោគជ័យ ជាមួយការស្ងើចសរសើរពីបណ្ដាប្រតិតភូចូលរួម ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ព្រមទាំងបានបង្ហាញនូវការជឿជាក់ និងទុកចិត្ត ចំពោះសុខសន្ដិភាពរបស់ម្ចាស់ផ្ទះកម្ពុជាទៀតផង។
ការប្រកួតសប្ដាហ៍ទី២ នៃព្រឹត្តិការណ៍អន្ដរជាតិខាងលើ មានអត្តពលិកចំនួន ៥២នាក់ មកពី ២១ប្រទេសចូលរួម ដែលបានដំណើរការប្រកួតយ៉ាងស្វិតស្វាញជិត ១សប្ដាហ៍ កាលពីថ្ងៃទី១០-១៥ ខែវិច្ឆិកាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនបន្ដការប្រកួតសប្ដាហ៍ទី២ ចាប់ពីថ្ងៃទី១៦-២១ ខែវិច្ឆិកាខាងមុខ ។ កីឡាករ-កីឡាការិនីវ័យក្មេងចូលរួមការប្រកួតនេះ សុទ្ធតែមានកម្រិតខ្ពស់ ក្នុងនោះក៏មានកីឡាករកម្ពុជា ៣រូបចូលរួមផងដែរ។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ការប្រកួតសប្ដាហ៍ទី១ បានប្រព្រឹត្តទៅយ៉ាងរលូន ។ ទោះបីអត្តពលិកចូលរួម សុទ្ធតែមានកម្រិតខ្ពស់ តែកីឡាករវ័យក្មេងកម្ពុជា ក៏ធ្វើបានល្អផងដែរ ក្នុងនោះមានកីឡាករម្នាក់ ដែលទទួលបានពិន្ទុអន្ដរជាតិ។ នេះគឺជាជោគជ័យមួយ ក្នុងនាមម្ចាស់ផ្ទះ ដែលបង្ហាញពីភាពរីកចម្រើន នៃវិស័យកីឡាវាយកូនបាល់កម្ពុជា។
បន្ថែមលើនេះ លោកក៏មានមោទនភាព ចំពោះការជឿទុកចិត្តរបស់សហព័ន្ធអន្ដរជាតិ និងបណ្ដាប្រទេសចូលរួមទាំងអស់ ទោះបីកម្ពុជា កំពុងមានបញ្ហាព្រំដែន តែប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ បានចូលរួមការប្រកួតតាមការកំណត់ ព្រមទាំងបានកោតសរសើរការរៀបចំបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ពិសេសការជឿជាក់ និងទុកចិត្ត ឥតសង្ស័យ ចំពោះកត្ដាសុខសុវត្ថិភាពរបស់ប្រទេសកម្ពុជា។
គួរដឹងថា ពានរង្វាន់ ទេព ឃុនណា ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ ក្រោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ក៏ដូចជាដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវ័យក្មេង មកពីបណ្ដាប្រទេសនានា បានបង្ហាញសមត្ថភាព ទេពកោសល្យ និងជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន។
ចំពោះប្រតិភូ និងអត្តពលិកកីឡាវាយកូនបាល់ ២១ប្រទេស ដែលចូលរួមប្រកួតអបអរសាទរខួបលើកទី៣០ នៃព្រឹត្តិការណ៍កម្រិតអន្ដរជាតិខាងលើ រួមមានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម៕













