នីហ្សេរីយ៉ា ខកចិត្ត ដ្បិតប៉េណាល់ទីចាញ់កុងហ្គោ បន្តខកខានកៅអី World Cup 2026

17-11-2025 11:00

(បរទេស)៖ ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក នីហ្សេរីយ៉ា បានបន្តខកខានឡើងទៅលេងជុំចុងក្រោយ World Cup ជាលើកទី២ ជាប់ៗគ្នាទៀត ក្រោយចាញ់គូប្រជែងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៣ កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា កុងហ្គោអាចនឹងបង្ហាញខ្លួននៅ World Cup ម្តងទៀត គិតចាប់តាំងពីឆ្នាំ១៩៧៤ ដោយកាលនោះប្រទេសស្ថិតតំបន់អាហ្រ្វិកកណ្តាលមួយនេះ មានឈ្មោះថា «Zaire»។

តាមរយៈជ័យជម្នះនេះដែរ កុងហ្គោត្រូវរង់ចាំប្រកួតលក្ខណៈអន្តរទ្វីប intercontinental ជាបន្តទៀតដែលនឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៦ ខាងមុខ បន្ទាប់ពីការចាប់ឆ្នោតជ្រើសរើសគូប្រកួតនាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់កណ្តាល FIFA។

ចំណែកឯនីហ្សេរីយ៉ា ដែលមានទម្លាក់កាមេរូន និងមានកីឡាករល្បី Victor Osimhen និង Lookman ផងនោះ បានបន្តអវត្តមានពី World Cup ២សម័យកាលចុងក្រោយជាប់ៗគ្នាតែម្តង ដោយសារតែបង្ហាញទម្រង់លេងដ៏យ៉ាប់យឺននៅទីក្រុង Rabat ប្រទេសម៉ារ៉ុក ដ្បិតនាំមុខ ១គ្រាប់មុនក៏ដោយ ដោយកីឡាករ Frank Onyeka ប៉ុន្តែត្រូវបាន Meschack Elia តាមបានស្មើ ១-១ វិញមុនពេលបញ្ចប់វគ្គទី១ និងបន្តរហូតដល់ចប់ ១២០នាទីផងនោះ។

កុងហ្គោ ជាក្រុមកន្លះកៅអីចេញពីទ្វីបអាហ្រ្វិក (CAF) ចូលរួមជាមួយបូលីវី ក្រុមកន្លះកៅអីចេញពីតំបន់អាមេរិកឡាទីន (CONMEBOL) និង New Caledonia ក្រុមកន្លះកៅអីដូចគ្នាចេញពីតំបន់អូសេអានី (OFC) និងត្រូវរង់ចាំក្រុមបន្តបន្ទាប់ទៀតចេញពីអាស៊ី (AFC) និង CONCACAF ទៀតផង៕