Samsung កើបលុយ! តម្លៃឈីប DDR5 ឡើងខ្លាំងដល់ ៦០% ឆ្លើយតបនឹងតម្រូវការ AI កំពុងហក់ឡើងខ្ពស់
17-11-2025 11:29
(បរទេស)៖ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំបំផុតរបស់ពិភពលោក បានដំឡើងថ្លៃបន្ទះឈីបមួយចំនួនរហូតដល់ ៦០% នៅក្នុងខែវិច្ឆិកានេះ។ ការដំឡើងថ្លៃដ៏ខ្ពស់នេះ កើតឡើងដោយសារតែកង្វះខាតផលិតផលនៅលើទីផ្សារ ដែលបណ្ដាលមកពីតម្រូវការបន្ទះឈីបយ៉ាងខ្លាំងក្លាសម្រាប់បម្រើដល់ការកសាងមជ្ឈមណ្ឌលទិន្នន័យនៃប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការឡើងថ្លៃនេះ នឹងបង្កើនបន្ទុកចំណាយដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរបស់ខ្លួន ហើយក៏អាចបណ្តាលឱ្យតម្លៃផលិតផលប្រើប្រាស់ដូចជាស្មាតហ្វូន និងកុំព្យូទ័រកើនឡើងផងដែរ។ តម្រូវការឈីបប្រភេទ DDR5 ដែលប្រើសម្រាប់ម៉ាស៊ីនមេ (servers) កំពុងតែមានសភាពក្តៅខ្លាំង។ លោក Tobey Gonnerman ប្រធានក្រុមហ៊ុន Fusion Worldwide បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ក្រុមហ៊ុនផលិតម៉ាស៊ីនមេ និងអ្នកកសាងមជ្ឈមណ្ឌលទិន្នន័យធំៗជាច្រើន កំពុងទទួលស្គាល់ថាពួកគេនឹងមិនទទួលបានផលិតផលគ្រប់គ្រាន់នោះទេ។ តម្លៃបន្ថែមដែលកំពុងត្រូវបានបង់គឺខ្ពស់បំផុត»។ ជាក់ស្តែង តម្លៃឈីប DDR5 ទំហំ ៣២ជីហ្គាបៃ (32 GB) បានកើនឡើងពី ១៤៩ ដុល្លារ ដល់ ២៣៩ ដុល្លារ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។
គួរជម្រាបថា ការដំឡើងថ្លៃនេះបានក្លាយជាប្រភពចំណូលដ៏ធំដល់ក្រុមហ៊ុន Samsung។ អ្នកវិភាគមើលឃើញថា ក្រុមហ៊ុននេះមានឥទ្ធិពលខ្លាំងក្នុងការកំណត់តម្លៃបើប្រៀបធៀបទៅនឹងគូប្រជែង។ អ្នកវិភាគ Ellie Wang មកពីក្រុមហ៊ុន TrendForce បានលើកឡើងថា Samsung អាចនឹងដំឡើងតម្លៃកិច្ចសន្យាប្រចាំត្រីមាសពី ៤០% ទៅ ៥០% ដែលខ្ពស់ជាងមធ្យមភាគទូទៅក្នុងឧស្សាហកម្ម។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «ពួកគេពិតជាមានទំនុកចិត្តថាតម្លៃនឹងកើនឡើង។ ហើយហេតុផលចម្បងគឺថាពេលនេះតម្រូវការពិតជាខ្លាំង...»។ ជាការឆ្លើយតបនឹងការរំពឹងទុកតម្រូវការរយៈពេលវែងនេះ Samsung ក៏បានប្រកាសពីគម្រោងសាងសង់ខ្សែសង្វាក់ផលិតកម្មបន្ទះឈីបថ្មីមួយទៀតនៅប្រទេសកូរ៉េផងដែរ៕









