ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ចេញគំនិតផ្តួចផ្តើមថ្មី ដើម្បីកាត់បន្ថយភាពរង្គោះរង្គើ ដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់កម្រិតធ្ងន់ធ្ងរ

17-11-2025 11:39

(ភ្នំពេញ)៖ ភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាស កំពុងក្លាយជាបញ្ហាដ៏ប្រឈម កាន់តែធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដោយសារកំណើននៃប្រេកង់ និងភាពធ្ងន់ធ្ងររបស់វា។ ហេតុដូច្នេះហើយទើប ក្រុមហ៊ុនអាកាសចរណ៍ Emirates បានដាក់ចេញគំនិតផ្តួចផ្តើមយ៉ាងសកម្មដែលគាំទ្រដោយទិន្នន័យ ដើម្បីដោះស្រាយភាពរអាក់រអួលម្តងម្កាលជាយថាហេតុ តាមរយៈការរៀបចំផែនការដើម្បីធ្វើឱ្យការហោះហើរកាន់តែមានភាពរលូន។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចម្រុះ និងពហុជំហាន ដោយប្រើប្រាស់ប្រភពព័ត៌មានជាច្រើន ដើម្បីផ្តល់ទិន្នន័យអំពីភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។ គំនិតផ្តួចផ្តើមនេះ បានជួយកាត់បន្ថយភាពរង្គោះរង្គើកម្រិតធ្ងន់ធ្ងរនៅលើការហោះហើរក្នុងបណ្តាញរបស់ខ្លួនជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀតដែលបានដាក់ចេញកាលពីឆ្នាំមុន ដើម្បីជួយបង្កើនបទពិសោធន៍ការហោះហើរទាំងសម្រាប់អ្នកដំណើរ និងអ្នកបម្រើការងារលើយន្តហោះ។

ទោះបីជាភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាស ដែលមើលទៅហាក់ដូចជាមិនមែនជាការព្រួយបារម្ភធ្ងន់ធ្ងរសម្រាប់ការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates ទាំងទៅនិងមកពីភ្នំពេញ និងសៀមរាបយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមថ្មីនេះមានន័យថាអ្នកដំណើរទៅកាន់ប្រទេសកម្ពុជា នឹងមានឱកាសទទួលបានការហោះហើរកាន់តែរលូនជាងមុន។

អាកាសយានិក Hassan Alhammadi អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មានប្រសាសន៍ថា៖ “យើងទទួលស្គាល់ថាភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសនៅតែជាបញ្ហាប្រឈមដែលមិនអាចលុបបំបាត់បានទាំងស្រុងនោះទេ ប៉ុន្តែយើងប្តេជ្ញាចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយភាពរង្គោះរង្គើកម្រិតធ្ងន់ធ្ងរតាមរយៈការធ្វើការជាមួយដៃគូដែលចែករំលែកចក្ខុវិស័យរបស់យើងក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការទទួលយកបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកប្រតិបត្តិការ។ ទោះបីជាពេលនេះ គឺនៅក្នុងដំណាក់កាលដំបូងក៏ដោយ យើងបានឃើញអំពីសក្តានុពលនៃអត្ថប្រយោជន៍ជាច្រើនដែលប្រព័ន្ធទាំងនេះអាចផ្តល់ឱ្យយើងបាន។

យើងមិនអាចធានាការហោះហើរដែលមិនមានភាពរង្គោះរង្គើទាល់តែសោះនោះទេ ប៉ុន្តែគំនិតផ្តួចផ្តើមទាំងនេះបានរួមចំណែកក្នុងការកាត់បន្ថយ ភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់កម្រិតធ្ងន់ធ្ងរ បានយ៉ាងច្រើនក្នុងឆ្នាំកន្លងមកនេះ ដែលបានជួយធ្វើឱ្យការធ្វើដំណើររបស់អតិថិជន កាន់តែមានសុវត្ថិភាព និងផាសុកភាព។

យុទ្ធសាស្ត្រពហុជំហានរបស់យើង រួមជាមួយការព្យាករណ៍អាកាសធាតុ និងដៃគូបច្ចេកវិទ្យា ក៏ដូចជាការចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធី IATA Turbulence Aware ក៏អនុញ្ញាតឱ្យយើងរួមចំណែកផ្ដល់ទិន្នន័យ និងការយល់ដឹងសំខាន់ៗដ៏មានតម្លៃដល់ឧស្សាហកម្មអាកាសចរណ៍ ខណៈពេលដែលយើងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឧតុនិយមដែលកំពុងមានការកើនឡើងនេះ។"

ប្រព័ន្ធតាមដានអាកាសធាតុនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺប្រើប្រាស់ SkyPath, Lido mPilot របស់ Lufthansa Systems និង IATA Turbulence Aware ជាបច្ចេកវិទ្យាបំពេញបន្ថែម ដែលផ្តល់នូវការច្នៃប្រឌិតថ្មីតាមរយៈបញ្ញាសិប្បនិម្មិត, machine learning, ទិន្នន័យអំពីភាពរង្គោះរង្គើដែលបានបណ្តាលមកពីបាតុភូតធាតុអាកាសឱ្យបានទាន់ពេលវេលា ក៏ដូចជា pilot reports៖
SkyPath៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ដៃគូជាមួយ SkyPath កាលពីឆ្នាំមុន ដើម្បីអភិវឌ្ឍន៍ និងកែលម្អប្រព័ន្ធព្យាករណ៍អាកាសធាតុដែលពឹងផ្អែកលើបញ្ញាសិប្បនិម្មិត និង machine learning ដែលមានសមត្ថភាពកំណត់តំបន់ដែលមានភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ដើម្បីបង្កើនការការពារ។ ថ្នាលរបស់ SkyPath រួមបញ្ចូល របាយការណ៍អំពីភាពរង្គោះរង្គើទាន់ពេលវេលា ពីយន្តហោះរាប់ពាន់គ្រឿង ជាមួយនឹងការវិភាគដ៏ទំនើប ដោយប្រើបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ និង machine learning ដើម្បីបង្កើតការទស្សន៍ទាយដ៏ត្រឹមត្រូវ និងសូម្បីតែសម្រាប់តំបន់ដែលមិនមានការហោះហើរ ឬភាពរង្គោះរង្គើបែប ‘clear air’ ក៏ដោយ។

SkyPath ប្រមូលព័ត៌មានពីប្រភពទិន្នន័យផ្សេងៗជាច្រើនដែលមានដូចជា៖ ទិន្នន័យអត្រានៃការសាយភាយ Eddy (EDR) សម្រាប់ការវាស់វែងភាពរង្គោះរង្គើសកលដែលបណ្តាលមកពីបាតុភូតធាតុអាកាស ទិន្នន័យ ADSB និងកម្មវិធីពិសេសរបស់ SkyPath នៅលើ iPad ដែលបកប្រែចលនារបស់ឧបករណ៍ទៅជាការវាស់វែងភាពរង្គោះរង្គើដែលជាក់លាក់ និងផ្តល់ឱ្យអ្នកបើកយន្តហោះនូវព័ត៌មានពាក់ព័ន្ធដើម្បីគ្រប់គ្រងការហោះហើរឱ្យបានល្អ។ គំនិតផ្តួចផ្តើមច្រើនប្រភព ដែលគាំទ្រដោយបញ្ញាសិប្បនិម្មិតនេះ ធានាបាននូវការគ្របដណ្តប់ជាសកល និងការព្យាករណ៍ដែលមានភាពត្រឹមត្រូវ និងឈានមុខគេ។

ការព្យាករណ៍អាកាសធាតុ Lido mPilot៖ ភាពជាដៃគូយូរអង្វែងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាមួយ Lufthansa Systems ផ្តល់នូវកម្មវិធីផែនទីហោះហើរចល័តពិសេសដែលបំពេញតាមតម្រូវការផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ តាមរយៈភាពជាដៃគូជាមួយដៃគូនានាដូចជា German Weather Service Lido mPilot ផ្តល់នូវការរាយការណ៍អាកាសធាតុដែលមានភាពត្រឹមត្រូវខ្ពស់ ទិន្នន័យអំពីពពក និងកំដៅនិងសំណើមទាន់ពេលវេលា រួមបញ្ជូលនឹងការព្យាករណ៍អំពីភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ និងកំណក ដើម្បីជួយអ្នកបើកយន្តហោះ គ្រប់គ្រងស្ថានភាពនៃការហោះហើរបានកាន់តែល្អ។ ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅតែបន្តសហការជាមួយក្រុមការងារ Lido ដើម្បីបង្កើនគុណភាពទិន្នន័យអាកាសធាតុ និងការគ្របដណ្តប់សកល។

IATA Turbulence Aware: ចាប់តាំងពីបានក្លាយជាសមាជិកនៃកម្មវិធី Turbulence Aware របស់ IATA កាលពីឆ្នាំមុនមក ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ និងប្រើប្រាស់ទិន្នន័យអំពីភាពរង្គោះរង្គើ ដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ ឱ្យបានទាន់ពេលវេលាពីបណ្តាញដ៏ធំទូលាយរបស់ខ្លួននៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អាស៊ី និងអូស្ត្រាលី។ ទិន្នន័យនេះ ត្រូវបានបញ្ចូលទៅក្នុងថ្នាលភាពរង្គោះរង្គើសកលរបស់ IATA ដែលប្រមូលផ្តុំទិន្នន័យពីក្រុមហ៊ុនអាកាសចរណ៍ដែលជាសមាជិកនៅទូទាំងពិភពលោក ដើម្បីផ្តល់នូវការវាយតម្លៃបរិយាកាសមួយដែលទូលំទូលាយ និងទាន់ពេលវេលា។

តាមរយៈការបញ្ចូលបន្ថែមការយល់ដឹងសំខាន់ៗទាំងនេះ ទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានហោះហើរឌីជីថលរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ Emirates បំពាក់ជូន អ្នកបើកយន្តហោះរបស់ខ្លួនជាមួយនិងទិន្នន័យភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ឱ្យបានទាន់ពេលវេលានៅលើយន្តហោះផ្ទាល់តែម្ដង។ ការធ្វើបែបនេះធ្វើឱ្យការសម្រេចចិត្តនានានៅក្នុងកាប៊ីនយន្ដហោះកាន់តែល្អ ដែលអនុញ្ញាតឱ្យអ្នកបើកយន្តហោះ រំពឹង និងជៀសវាងតំបន់ដែលមានភាពរង្គោះរង្គើ ហើយអ្វីដែលទទួលបាននៅចុងបញ្ចប់នោះគឺ ភាពងាយស្រួលជាងមុនសម្រាប់អ្នកដំណើរ សុវត្ថិភាពប្រតិបត្តិការ និងប្រសិទ្ធភាពប្រេងឥន្ធនៈ។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃទៅកាន់ រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជាឆ្លងកាត់តាមប្រទេសសិង្ហបុរី និងជើងហោះហើរ ទៅមកបីដងក្នុងមួយសប្តាហ៍ទៅកាន់ខេត្តសៀមរាប ឆ្លងកាត់តាមទីក្រុងបាងកក នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕