ក្រុមហ៊ុន «ខ្មែរ ប៊ែវើរីជីស» ចុះប្រមូលទិញស្រូវផ្ទាល់មុនគេបង្អស់ពីកសិករ ដែលមានគ្រួសារជាកងទ័ពជួរមុខ នៅខេត្តព្រះវិហារ
17-11-2025 13:24
(ព្រះវិហារ)៖ ក្នុងឆន្ទៈ គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានចុះទៅ ទិញស្រូវដោយផ្ទាល់ដៃពីកសិករ នៅខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ។
ក្រោមការដឹកនាំពីអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុនកូនខ្មែរមួយនេះ បើកយុទ្ធនាការ ប្រមូលទិញស្រូវពីកសិករ ដែលជួបការលំបាកពិតប្រាកដ ជាពិសេសនៅតំបន់ខេត្តព្រះវិហារមុនគេ ដើម្បីជួយសម្រួលទុក្ខលំបាករបស់កសិករខ្មែរមានគ្រួសារជាកងទ័ពជួរមុខ កំពុងបំពេញភារកិច្ចការពារជាតិ។ ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសទិញស្រូវក្នុងតម្លៃ ១,០០០រៀល/គីឡូក្រាម ចំនួន ៥,០០០តោន ពីគ្រប់បណ្តាប្រជាកសិករទាំងអស់ ទូទាំងប្រទេស។
នេះមិនត្រឹមជួយកសិករក្នុងរយៈពេលតែ ១ ឆ្នាំនោះទេ ប៉ុន្តែនឹងជួយប្រមូលទិញស្រូវ ៥,០០០តោន ជារៀងរាល់ឆ្នាំ ដើម្បីឱ្យកសិករខ្មែរ បន្តទទួលបានប្រាក់ចំណូលពីផលិតផលកសិកម្មរបស់ពួកគាត់ ធ្វើឱ្យកសិករយើងមានកម្លាំងចិត្តក្នុងការបង្កបង្កើនផល និងងាកមកដាំដុះពូជស្រូវខ្មែរឱ្យបានច្រើនឡើងវិញ។
ជាមួយនឹងស្មារតីចេះជួយគ្នាពេលគ្រាលំបាកនេះ ស្រូវដែលទិញបាន ក្រុមហ៊ុននឹងយកមកចែកចាយលក់នៅតាមបណ្តាផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត (Chip Mong Supermarket) ទាំង ១៥ ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅក្នុងតម្លៃដដែលដោយមិនគិតពីប្រាក់ចំណេញ ពោលគឺធ្វើយ៉ាងណាគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ជៀសផុតពីទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ខ្មែរ ប៊ែវើរីជីស សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុក ជាពិសេសស្រូវអង្ករខ្មែរឱ្យបានកាន់តែច្រើនតាមដែរអាចធ្វើបាន។ ការចូលរួមរបស់យើងទាំងអស់គ្នា នឹងជាកម្លាំងចលករធ្វើឱ្យកសិករខ្មែរមានជីវភាពកាន់តែល្អប្រសើរ និងជាជំហានថ្មីនាំសេដ្ឋកិច្ចកម្ពុជាកើនឡើងមួយកម្រិតទៀត។
ខ្មែរ ប៊ែវើរីជីស តែងតែនៅពីក្រោយគាំទ្រ ផលិតផលកសិករខ្មែរ!។
ខ្មែរជួយខ្មែរ! យើងទាំងអស់គ្នារួមគ្នាជាធ្លុងមួយលើកស្ទួយផលិតផលជាតិ!៕











