ជើងឯកគុនខ្មែរពិភពលោក ឆ្នាំ២០២៥ កើនប្រទេសចូលរួមគួរឲ្យភ្ញាក់ផ្អើល
17-11-2025 14:14
(ភ្នំពេញ)៖ ការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ នឹងត្រឡប់មកវិញ នាចុងខែធ្នូខាងមុខ ជាមួយកំណើនបណ្ដាប្រទេសចូលរួមគួរឲ្យភ្ញាក់ផ្អើល បើធៀបកាលពីឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្ដីទីសហព័ន្ធគុនខ្មែរអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ។
លោក ខូវ ឆាយ បានឲ្យដឹងថា ការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅខេត្តព្រះសីហនុ ។ បច្ចុប្បន្នព្រឹត្តិការណ៍នេះ មានប្រទេសសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិចំនួន ២៨ប្រទេស ដែលបានចុះឈ្មោះ និងបញ្ជាក់ពីការចូលរួម ខណៈប្រទេសមួយចំនួន កំពុងពិនិត្យលទ្ធភាពក្នុងការចូលរួម ។ ដូច្នេះលោករំពឹងថា ការប្រកួតឆ្នាំនេះ អាចនឹងមានអត្តពលិកចូលរួមលើសពី ២៨ប្រទេស។
នេះគឺជាតួរលេខមួយគួរភ្ញាក់ផ្អើល សម្រាប់ព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក បើធៀបនឹងការរៀបចំ ៥លើកកន្លងមក ជាក់ស្ដែងការប្រកួតលើកទី៥ កាលពីឆ្នាំ២០២៤ ដែលមានអត្តពលិកចូលរួមត្រឹម ១៨ប្រទេសប៉ុណ្ណោះ។ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សហព័ន្ធរំពឹងនឹងអាចជំរុញការផ្សព្វផ្សាយក្បាច់គុនមរតកដូនតាខ្មែរកាន់តែល្បីល្បាញបន្ថែមទៀត ក្នុងនាមប្រទេសក្បាច់គុន និងជាគោលដៅទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ឆាកអន្ដរជាតិ ហើយក៏ជាវេទិកាដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាផងដែរ។
ជាមួយគ្នាលោក អ៊ឹង វីរៈ អគ្គនាយកបន្ដវេននៃក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានរំលេចថា «គុនខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលត្រូវបានថែរក្សា និងបន្តលើកតម្កើងដោយ យុវជនបន្តវេនតាមសម័យកាល។ ជាកូនខ្មែរជំនាន់ក្រោយ យើងទាំងអស់គ្នា តែងខិតខំធ្វើយ៉ាងណាឲ្យវិស័យប្រដាល់គុនខ្មែរកាន់តែរីកចម្រើនទៅមុខ និងមានប្រជាប្រិយភាព។ ការចូលរួមជាសមាជិករបស់ប្រទេសជុំវិញពិភពលោករបស់សហព័ន្ធគុនខ្មែរអន្តរជាតិ បង្ហាញពីស្មារតីមោះមុត ក្នុងការផ្សព្វផ្សាយពីតម្លៃនៃសិល្បៈគុនខ្មែរ»។
គួរដឹងថា នេះគឺជាលើកដំបូង ដែលព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ត្រូវបានផ្លាស់ប្ដូរទីតាំងរៀបចំទៅកាន់ទឹកដីទិសនិរតី នៃខេត្តព្រះសីហនុ បន្ទាប់ពីការរៀបចំ ៥លើកកន្លងមក ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានរៀបចំការប្រកួតនៅទឹកដីខេត្តសៀមរាប។ ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះ ក្រៅពីផ្សព្វផ្សាយមរតកក្បាច់គុនបុរាណខ្មែរ ក៏ជាឱកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ៕







