ខ្សែការពារ Gabriel ខកខានជួយប្រេស៊ីល លេងមិត្តភាពទល់នឹងទុយនេស៊ី នៅបារាំង ក្រោយរងរបួសភ្លៅ
17-11-2025 14:19
(បរទេស)៖ ខ្សែការពាររបស់ក្លឹប Arsenal គឺ Gabriel បានរងរបួសភ្លៅ នឹងអវត្តមានពីក្រុមជម្រើសជាតិសាំបា ប្រេស៊ីល លេងមិត្តភាពអន្តរជាតិទល់នឹងទុយនេស៊ីនៅប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កន្លងមកកីឡាករវ័យ ២៧ឆ្នាំរូបនេះ បានលេង ១៧ប្រកួតមកហើយជាមួយអតីតជើងឯកពិភពលោក World Cup ៥សម័យកាល។
Gabriel មិនបានធ្វើដំណើរទៅប្រេស៊ីល ដើម្បីប្រមូលផ្តុំហ្វឹកហាត់ជុំគ្នា មុនលេងមិត្តភាពទល់នឹងក្រុមមកពីទ្វីបអាហ្វ្រិកឡើយ បន្ទាប់ពីការស្កេនបានរកឃើញថា មានបញ្ហារបួសភ្លៅជាទម្ងន់មកនោះ ដែលបានរបួសក្នុងជំនួបជួយប្រេស៊ីល យកឈ្នះសេណេហ្គាល់ក្នុងមិត្តភាពនៅកីឡដ្ឋាន Emirates កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
គាត់នឹងបន្តស្នាក់នៅទីក្រុង London ដោយមិនធ្វើដំណើរទៅទីក្រុង Lille របស់បារាំង ដើម្បីប្រកួតទល់នឹងទុយនេស៊ី នៅរាត្រីថ្ងៃអង្គារឡើយ ជាមួយក្រុមដែលដឹកនាំដោយលោក Carlo Ancelotti។
Gabriel ជាខ្សែការពារសំខាន់មួយរូបដែលបានរួមចំណែកជួយកាំភ្លើងធំ Arsenal ឈរទីកំពូលតារាង Premier League បច្ចុប្បន្ន តាមរយៈរបូតត្រឹមតែ ៥គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ១១ប្រកួតក្នុងលីគរដូវកាលថ្មីនេះ៕



