Hyundai គ្រោងបោះទុនជាង ៨៦ ពាន់លានដុល្លារនៅកូរ៉េខាងត្បូង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

17-11-2025 14:38

(បរទេស)៖ ក្រុមហ៊ុន Hyundai Motor Group បានប្រកាសពីគម្រោងវិនិយោគដ៏ធំមួយដែលមានតម្លៃរហូតដល់ ៨៦.៤៧ ពាន់លានដុល្លារ (ស្មើនឹង ១២៥.២ ពាន់ពាន់លានវ៉ុន) នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទឹកប្រាក់ដ៏ច្រើននេះ នឹងត្រូវចំណាយពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ដែលជាទំហំវិនិយោគធំជាងរយៈពេល ៥ ឆ្នាំមុន (២០២១–២០២៥) គួរឱ្យកត់សម្គាល់។ ការប្រកាសនេះកើតឡើង បន្ទាប់ពីទីក្រុងសេអ៊ូល និងសហរដ្ឋអាមេរិកសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលបានកាត់បន្ថយពន្ធគយលើរថយន្តកូរ៉េខាងត្បូងពី ២៥% មកនៅត្រឹម ១៥%។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះ ក៏បានតម្រូវឱ្យកូរ៉េខាងត្បូងសន្យាវិនិយោគ ៣៥០ ពាន់លានដុល្លារទៅក្នុងវិស័យយុទ្ធសាស្ត្ររបស់អាមេរិកផងដែរ។ នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Euisun Chung ប្រធានក្រុមហ៊ុន Hyundai បានបង្ហាញពីក្ដីបារម្ភចំពោះផលប៉ះពាល់ពន្ធដារថា៖ «យើងដឹងច្បាស់ពីក្ដីបារម្ភនានា អំពីការនាំចេញដែលថយចុះ និងផលិតកម្មក្នុងស្រុកដែលរួមតូច ដោយសារតែពន្ធគយ ១៥ ភាគរយរបស់អាមេរិក»។

ដើម្បីទប់ទល់នឹងបញ្ហាទាំងនេះ និងជំរុញកំណើន ក្រុមហ៊ុន Hyundai ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់។ លោក Chung បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹង បង្កើនការនាំចេញរថយន្តឱ្យបានលើសពីទ្វេដង តាមរយៈការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីនៅឆ្នាំ ២០៣០។ ក្រៅពីនេះ ក្រុមហ៊ុនក៏នឹងផ្តល់ជំនួយដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដែលរងផលប៉ះពាល់ពីពន្ធគយផងដែរ។

គួរជម្រាបថា ទឹកប្រាក់វិនិយោគសរុបជាង ៨៦ ពាន់លានដុល្លារ របស់ Hyundai នឹងត្រូវបែងចែកជាបីផ្នែកសំខាន់ៗ៖

* ទឹកប្រាក់ ៣៥ ពាន់លានដុល្លារ សម្រាប់វិស័យ បញ្ញាសិប្បនិម្មិត (AI) និងឱកាសអាជីវកម្មថ្មីៗនាពេលអនាគត។

* ទឹកប្រាក់ ៣៣.៥ ពាន់លានដុល្លារ សម្រាប់ ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)។

* និងទឹកប្រាក់ ២៥ ពាន់លានដុល្លារ សម្រាប់ ការបង្កើនប្រសិទ្ធភាពរោងចក្រផលិតកម្ម និងសាងសង់អគារថ្មី៕