Yaoyou Satellite Network និង IG Anachak Tech សហការស្រាវជ្រាវ និងអភិវឌ្ឍដំណោះស្រាយគមនាគមន៍ផ្កាយរណបនៅអាស៊ីអាគ្នេយ៍
17-11-2025 15:08
(សៀងហៃឥ-ចិន)៖ ក្រុមហ៊ុន Yaoyou Satellite Network (Shanghai) Co., Ltd. និងក្រុមហ៊ុន IG Anachak Tech Pte Ltd នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង សហការពង្រីកទីផ្សារ និងអភិវឌ្ឍដំណោះស្រាយទំនាក់ទំនងផ្កាយរណបនៅទូទាំងអាស៊ីអាគ្នេយ៍។
តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ Yaoyou Satellite Network ដែលជាសហគ្រាសបច្ចេកវិទ្យាជាន់ខ្ពស់ដែលជំនាញខាងដំណោះស្រាយគមនាគមន៍ផ្កាយរណប នឹងសហការជាមួយ IG Anachak Tech ដែលជាក្រុមឈានមុខក្នុងការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយបច្ចេកវិទ្យា ដើម្បីពង្រីក និងអភិវឌ្ឍទីផ្សារនៅអាស៊ីអាគ្នេយ៍ ដោយផ្តោតជាបឋមលើទីផ្សារកម្ពុជា និងបន្តទៅទីផ្សារតំបន់មេគង្គជាបន្តបន្ទាប់។
កិច្ចសហការនេះផ្តោតលើបីចំណុចសំខាន់ៗ ដែលនឹងត្រូវអនុវត្តក្រោមក្របខណ្ឌមជ្ឈមណ្ឌលឧត្តមភាពប្រចាំតំបន់មានស្នាក់ការនៅកម្ពុជា៖
កិច្ចសហការពង្រីកទីផ្សារ និងអភិវឌ្ឍដំណោះស្រាយ IG Anachak Tech នឹងដើរតួនាទីជាដៃគូប្រចាំតំបន់របស់ Yaoyou Satellite Network សម្រាប់ការផ្គត់ផ្គង់ដំណោះស្រាយគមនាគមន៍ផ្កាយរណប ដំណោះស្រាយទីក្រុងឆ្លាតវៃ និងដំណោះស្រាយបច្ចេកវិទ្យាដែលមានសក្តានុពលខ្ពស់ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងប្រើប្រាស់សមត្ថភាព និងប្រព័ន្ធអេកូស៊ីស្ទែមរបស់ IG Anachak Tech ដើម្បីសហការអភិវឌ្ឍ និងកែសម្រួលដំណោះស្រាយបច្ចេកវិទ្យាសក្តានុពលនានាតាមតម្រូវការក្នុងតំបន់។
មជ្ឈមណ្ឌលសេវាកម្ម និងស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រចាំតំបន់ Yaoyou Satellite Network នឹងជួយពង្រឹងសមត្ថភាព IG Anachak Tech ដើម្បីផ្តល់សេវាក្រោយពេលលក់ផលិតផល និងដំណោះស្រាយនៅក្នុងតំបន់ ដែលរួមមានការគាំទ្រផ្នែកបច្ចេកទេស និងការថែទាំ តាមរយៈកម្មវិធីបណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា និងការសហការអនុវត្តគម្រោង ព្រមទាំងការស្រាវជ្រាវនិងអភិវឌ្ឍន៍។
មជ្ឈមណ្ឌលផលិតកម្មប្រចាំតំបន់ ភាពជាដៃគូនេះនឹងពិនិត្យសក្តានុពល និងលទ្ធភាបង្កើតរោងចក្រផលិតបរិក្ខារគមនាគមន៍ផ្កាយរណបនៅកម្ពុជា ដើម្បីបម្រើជាមជ្ឈមណ្ឌលចែកចាយប្រចាំតំបន់។
លោក Shi Hai អគ្គនាយកប្រតិបត្តិនៃ Yaoyou Satellite Network បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះជាជំហានដ៏សំខាន់ ក្នុងការនាំយកបច្ចេកវិទ្យាគមនាគមន៍ផ្កាយរណបកម្រិតខ្ពស់ មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍។ ចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅរបស់ IG Anachak Tech អំពីទីផ្សារក្នុងតំបន់មេគង្គ និងទំនាក់ទំនងជាមួយរដ្ឋាភិបាល និងសហគ្រាសឧស្សាហកម្មនានា ជាកត្តាកំណត់ភាពជាដៃគូ ដែលយើងកំពុងស្វែងរកដើម្បីបង្កើត និងពង្រីកឱកាសអាជីវកម្មនៅក្នុងតំបន់ដែលប្រកបដោយថាមវន្តនេះ»។
លោក Kim Puthkiry ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ IG Anachak Tech បានបន្ថែមថា៖ «យើងមានសោមនស្សដែលបានសហការជាមួយ Yaoyou Satellite Network ដើម្បីនាំយកដំណោះស្រាយផ្កាយរណប និងដំណោះស្រាយឆ្លាតវៃទំនើបៗមកកាន់ទីផ្សារអាស៊ីអាគ្នេយ៍។ ភាពជាដៃគូនេះ ផ្សំបញ្ចូលគ្នានូវជំនាញបច្ចេកវិទ្យារបស់ Yaoyou Satellite Network ជាមួយនឹងបទពិសោធន៍ទីផ្សារក្នុងតំបន់ ព្រមទាំងសមត្ថភាពក្នុងស្រុករបស់យើង ដើម្បីផ្តល់ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារក្នុងតំបន់មេគង្គ និងអាស៊ីអាគ្នេយ៍»។
Yaoyou Satellite Network (Shanghai) Co., Ltd. គឺជាសហគ្រាសបច្ចេកវិទ្យាជាន់ខ្ពស់ ដែលផ្តោតលើដំណោះស្រាយគមនាគមន៍ផ្កាយរណប។ ទីស្នាក់ការកណ្តាល និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមានទីតាំងនៅទីក្រុងសៀងហៃ ដោយមានមូលដ្ឋានផលិតកម្មទំនើបនៅទីក្រុងសិនជិន រួមជាមួយនឹងមជ្ឈមណ្ឌលលក់ និងមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់ថ្នាក់ជាតិ បង្កើតបានជាប្រព័ន្ធខ្សែច្រវាក់ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាពដែលរួមបញ្ចូលការស្រាវជ្រាវនិងអភិវឌ្ឍន៍ ផលិតកម្ម ការលក់ និងសេវាកម្ម។ ក្នុងនាមជាកម្លាំងជំរុញនៃឧស្សាហកម្មគមនាគមន៍ផ្កាយរណប Yaoyou Satellite Network ប្តេជ្ញាផ្តល់នូវផលិតផល និងសេវាគមនាគមន៍ផ្កាយរណបគ្រប់ជ្រុងជ្រោយ ដែលរួមមានឧបករណ៍គមនាគមន៍ផ្កាយរណបជាច្រើន ដូចជា ផ្កាយរណបគន្លងខ្ពស់ គន្លងទាប និងផ្កាយរណប Beidou ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងទម្រង់យួរដៃ ភ្ជាប់លើរថយន្ត កប៉ាល់ និងយន្តហោះជាដើម។
ក្រុមហ៊ុន IG Anachak Tech គឺជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា ព្រមទាំងប្រតិបត្តិការនៅទូទាំងតំបន់មេគង្គ ចាប់តាំងពីឆ្នាំ២០១២ តាមរយៈការបង្កើតក្រុមហ៊ុនដំបូងរបស់ខ្លួនគឺ អាយឌាលីង ខនសាល់ធីង។ ក្រុមហ៊ុនមានជំនាញពាក់ព័ន្ធនឹងការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ និងបានពង្រីកទៅក្នុងវិស័យ IoT ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណឌីជីថល និងប្លុកឆេនជាដើម៕









