ជើងឯក ២០១៤ អាល្លឺម៉ង់ ក៏ឈានទៅជុំចុងក្រោយ World Cup 2026
18-11-2025 09:30
(អាល្លឺម៉ង់)៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ពេលនេះទទួលបានកៅអីផ្លូវការ សម្រាប់ព្រឹត្តិការណ៍ World Cup 2026 បន្ទាប់ពីបានយកឈ្នះស្លូវ៉ាគី ៦-០ ក្នុងវគ្គជម្រុះតំបន់អឺរ៉ុប កាលពីថ្ងៃចន្ទ ខណៈក្រុមស្លូវ៉ាគី ក៏នឹងត្រូវបន្តលេងវគ្គ Play-off នៅខែមីនាប្រចាំតំបន់អឺរ៉ុប UEFA ខាងមុខបន្តទៀត ។
កីឡាករ Leroy Sane រកបាន ២គ្រាប់ ហើយ Nick Woltemade និង Serge Gnabry ក៏បានស៊ុតម្នាក់មួយគ្រាប់ក្នុងតង់ទី១ ដែលបានបង្ហាញឱ្យឃើញថា ក្រុមអាល្លឺម៉ង់ គឺបានបញ្ជប់វគ្គជម្រុះជាមួយចាញ់តែ ១លើកចំណោម ៦ប្រកួតនៅពូល A ដោយរកបាន ១៥ពិន្ទុផងដែរ ។
តាមរយៈជ័យជម្នះនេះ បានធ្វើឱ្យក្រុមជើងឯក ៤សម័យកាល World Cup ក្រុមអាល្លឺម៉ង់ មានឪកាសស្តាកេរ្តិ៍ឈ្មោះឡើងវិញ ពីការប្រកួតប្រជែងពានរង្វាន់កម្រិតពិភពលោកនេះ បន្ទាប់ពីបានធ្លាក់ត្រឹមវគ្គចែកពូលនៅជុំចុងក្រោយ ២លើកជាប់គ្នាមាននៅឆ្នាំ២០១៨ នៅទឹកដីរុស្ស៊ី និង២០២២ នៅកាតា ។
សូមជម្រាបផងថា នេះជាលើកទី២១ របស់ជម្រើសជាតិអាល្លឺម៉ង់ ដែលបានឈានដល់ជុំចុងក្រោយ World Cup ខណៈតំបន់អឺរ៉ុប ពេលនេះរកបាន ៧ក្រុមហើយ ៕




