Wardley នឹងក្លាយជាជើងឯកពិភពលោក ប្រសិនបើ Usyk ពិតជាបោះបង់ការប្រកួតមែននោះ

18-11-2025 10:10

(បរទេស)៖ កីឡាករប្រដាល់សកលអង់គ្លេស Fabio Wardley នឹងត្រូវបានគេរំពឹងថា នឹងក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ WBO ប្រសិនណាជើងខ្លាំង Oleksandr Usyk សម្រេចចិត្តបោះបង់ការប្រកួត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ករណីនេះគឺបានកើតឡើង ក្រោយពេលជើងខ្លាំងអ៊ុយក្រែន Usyk បានជូនដំណឹងទៅស្ថាប័ន World Boxing Organisation (WBO) ថាគាត់នឹងមិនឡើងការពារខ្សែក្រវាត់ទល់នឹងគូប្រជែង Wardley ឡើយ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ WBO បានឱ្យដឹងថា «Usyk ត្រូវបានផ្គូផ្គង ដើម្បីឡើងការពារខ្សែក្រវាត់ WBO របស់លោកទល់នឹង Wardley បន្ទាប់ពីមានការគិតគូរយ៉ាងល្អិតល្អន់រួចមក»

ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់ប្រធាន WBO គឺលោក Gustavo Olivieri ក៏នៅតែចាត់ទុកថា «Usyk នៅជាជើងឯកគ្មានគូប្រៀបដដែល»

ចំណែកឯ Wardley កីឡាករមកពីទីក្រុង Ipswich ប្រទេសអង់គ្លេស ទើបតែឡើងប្រដាល់ដំបូងក្នុងអាយុ ២០ឆ្នាំមក និងធ្លាប់វាយជាលក្ខណៈអាជីពបាន ២១លើកប៉ុណ្ណោះ៕