គុនខ្មែរមានមជ្ឈមណ្ឌលផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលកាន់តែទំនើប ដើម្បីលើកកម្ពស់កិត្យានុភាពក្បាច់គុនអត្តសញ្ញាណជាតិ លើឆាកអន្ដរជាតិ
18-11-2025 11:48
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបោះជំហានថ្មី ក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលផ្សព្វផ្សាយ និងបណ្តុះបណ្តាលគុនខ្មែរ ដើម្បីលើកកម្ពស់កិត្យានុភាពនៃក្បាច់គុនអត្តសញ្ញាណជាតិខ្មែរឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ។
នេះបើតាមការលើកឡើងរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយសហព័ន្ធ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយវិស័យឯកជន ដើម្បីរៀបចំមជ្ឈមណ្ឌលដ៏ទំនើបខាងលើ លើទីតាំងដ៏ធំទូលាយ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ។
លោកថា «ភាពជាដៃគូនេះ មិនត្រឹមតែជានិមិត្ដរូបនៃកិច្ចសហប្រតិបត្តិការនោះទេ ថែមទាំងជាទស្សនៈវិស័យ ដើម្បីលើកកម្ព់សគុនខ្មែរឲ្យកាន់តែខ្ពស់លើឆាកអន្ដរជាតិ...។ មជ្ឈមណ្ដលនេះ នឹងប្រើប្រាស់ជាមជ្ឈមណ្ឌលនៃការអប់រំ បណ្ដុះបណ្ដាល ការផ្លាស់ប្ដូរវប្បធម៌ ការអភិវឌ្ឍអត្តពលិក និងការចូលរួមគាំទ្រដោយសាធារណៈមហាជន អាចចូលរួមសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ដ្រគុនខ្មែរនៅទីនេះបាន»។
បន្ថែមលើនេះ វាក៏នឹងអននុញ្ញាឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រមទាំងជនបរទេសគ្រប់សជាតិសាសន៍ បានស្វែងយល់ពីប្រវត្តិសាស្ដ្រ ទស្សនៈវិជ្ជា និងស្មារតីគុនខ្មែរផងដែរ។ លោក ខូវ ឆាយ បន្ថែម៕









