GMI Cloud ត្រៀមបោះទុន ៥០០ លានដុល្លារ សាងសង់ «រោងចក្រ AI» ដ៏ធំនៅតៃវ៉ាន់ ដោយប្រើបន្ទះឈីប Nvidia ជំនាន់ថ្មី

18-11-2025 12:01

(បរទេស)៖ ក្រុមហ៊ុន GMI Cloud ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម Cloud របស់សហរដ្ឋអាមេរិក បានប្រកាសពីគម្រោងវិនិយោគដ៏ធំសម្បើមចំនួន ៥០០ លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅតៃវ៉ាន់។ គម្រោងនេះទទួលបានការគាំទ្រទាំងស្រុងពីក្រុមហ៊ុនផលិតបន្ទះឈីបនាំមុខគេលើពិភពលោកគឺ Nvidia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

មជ្ឈមណ្ឌលទិន្នន័យនេះ ដែលលោក Jensen Huang នាយកប្រតិបត្តិ (CEO) Nvidia ធ្លាប់បានហៅថាជា «រោងចក្រ AI» នឹងចាប់ផ្តើមដំណើរការនៅខែមីនា ឆ្នាំ២០២៦។ វាត្រូវបានបំពាក់ដោយបន្ទះឈីប AI ជំនាន់ថ្មីបំផុតរបស់ Nvidia គឺ Blackwell GB300 ហើយនឹងផ្ទុកឧបករណ៍បង្កើនល្បឿន AI (GPU) ប្រមាណ ៧,០០០ គ្រឿង។ នេះជាការឆ្លើយតបទៅនឹងនិន្នាការសកលដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពុងចំណាយទុនរាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI ដែលធ្វើឱ្យ Nvidia ក្លាយជាក្រុមហ៊ុនដែលរកចំណូលបានច្រើនជាងគេបំផុត។

លោក Alex Yeh នាយកប្រតិបត្តិក្រុមហ៊ុន GMI Cloud បានសង្កត់ធ្ងន់ថា គម្រោងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតតៃវ៉ាន់។ លោកបានបញ្ជាក់ថា៖ «អ្នកចង់ជំរុញប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក - អ្នកត្រូវសាងសង់មជ្ឈមណ្ឌលទិន្នន័យមុនគេ អ្នកត្រូវសាងសង់កញ្ចុំ AI (AI cluster) មុនគេ»។ លោកបន្ថែមទៀតថា តម្រូវការសម្រាប់ AI នៅតែមានកម្លាំងខ្លាំងក្លា ដោយការប្រើប្រាស់ឧបករណ៍ AI របស់ក្រុមហ៊ុនគឺ «ជិតពេញ» ហើយ។

គួរជម្រាបថា គម្រោង «រោងចក្រ AI» ថ្មីនេះត្រូវបានរំពឹងថានឹងបង្កើតតម្លៃកិច្ចសន្យាសរុបប្រមាណ ១ ពាន់លានដុល្លារ នៅពេលដែលវាដំណើរការពេញលេញ។ អតិថិជនដំបូងដែលនឹងប្រើប្រាស់សេវាកម្មដ៏ទំនើបនេះ រួមមានក្រុមហ៊ុនធំៗដូចជា Nvidia ខ្លួនឯង, ក្រុមហ៊ុនសន្តិសុខ Trend Micro និងក្រុមហ៊ុនអេឡិចត្រូនិក Wistron ជាដើម៕