ធនាគារ «វីង» សាខាថ្មីខេត្តរតនគិរី ផ្តល់ជូនសេវាហិរញ្ញវត្ថុពេញលេញ ជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់បញ្ញើខ្ពស់រហូតដល់ ៦% ក្នុងមួយឆ្នាំ
18-11-2025 14:21
(រតនគិរី)៖ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា បានបើកដំណើរការសាខាថ្មីជាផ្លូវការនៅខេត្តរតនគិរី ដែលជាការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទំនើប និងសមរម្យដល់សហគមន៍ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល។ ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី
ព្រមទាំងលោក ហែម សុវណ្ណារ៉ា នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី និងជាតំណាងរបស់លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
បន្ថែមពីនេះទៀត ក៏មានការចូលរួមជាអធិបតីភាពនៃអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយស និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «ការបើកសាខានៅខេត្តរតនគិរីនេះ គឺជាជំហានដ៏ធំមួយក្នុងការនាំយកសេវាធនាគារទំនើបៗ ទៅដល់បងប្អូនខ្មែរគ្រប់រូប ទោះបីពួកគាត់រស់នៅទីណាក៏ដោយ។ នេះមិនគ្រាន់តែជាការពង្រីកបណ្តាញវិសាលភាពធនាគារប៉ុណ្ណោះទេ តែជាការនាំយកឱកាសដល់ក្រុមគ្រួសារ កសិករ និងម្ចាស់អាជីកម្មនៅក្នុងតំបន់ អាចរីកចម្រើន និងជោគជ័យបាន។ តាមរយៈការផ្តល់សេវាធនាគារពេញលេញ យើងអាចបង្កើនលទ្ធភាពដើម្បីពង្រឹងសហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តរតនគិរី ឱ្យកាន់តែប្រសើរថែមទៀត»។
សាខាថ្មីរបស់ធនាគារ វីង នៅខេត្តរតនគិរី នឹងផ្តល់ជូននូវសេវាធនាគារយ៉ាងទូលំទូលាយ ដូចជា គណនីសន្សំ, ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស, សេវាប្រាក់កម្ចី និង ដំណោះស្រាយធនាគារឌីជីថលទំនើបៗ ដែលបន្ថែមលើបណ្តាញភ្នាក់ងារ វីង ជាង ១៤០កន្លែង ដែលមានស្រាប់ក្នុងខេត្តរតនគិរីផ្ទាល់។ អតិថិជនក៏អាចរីករាយជាមួយនឹងការដកប្រាក់ និងប្រើប្រាស់ម៉ាស៊ីន ATM ២៤ម៉ោង ពេញមួយសប្តាហ៍ ព្រមទាំងអាចដកប្រាក់ដោយឥតគិតថ្លៃនៅតាមភ្នាក់ងារ ធនាគារ វីង នៅគ្រប់ទីកន្លែង ហើយថែមទាំងទទួលបាននូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់អេប Wing Bank ជាមួយមុខងារដ៏សម្បូរបែប ដែលអាចធ្វើប្រតិបត្តិការបានគ្រប់ពេល គ្រប់ទីកន្លែង។
ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជននៅក្នុងខេត្តរតនគិរី សម្រាប់ការសន្សំ និងការវិនិយោគ ធនាគារ វីង ក៏នឹងផ្តល់ជូនប្រូម៉ូសិនដ៏ពិសេស ចំពោះអតិថិជនរស់នៅក្នុងខេត្តរតនគិរី ដែលបើកគណនីបញ្ញើមានកាលកំណត់ សម្រាប់រយៈពេល ១២ខែ នៅទីតាំងសាខាផ្ទាល់ នឹងទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ៦% ដែលខ្ពស់ជាងអត្រាការប្រាក់ជាមធ្យមបច្ចុប្បន្ន ៤.៥% ហើយការផ្តល់ជូននេះមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ២០២៥។
ធនាគារ វីង សាខាខេត្តរតនគិរី មានអាសយដ្ឋានស្ថិតនៅចំណុចប្រសព្វផ្លូវលេខ២៥ និងផ្លូវជាតិលេខ ៧៨A គឺនៅខាងលិចរង្វង់មូលក្រុងបានលុងតែបន្តិចប៉ុណ្ណោះ ហើយបើកបម្រើសេវាជូនអតិថិជនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីវេលាម៉ោង ៨៖០០នាទី ព្រឹក ដល់ ៤៖០០នាទីរសៀល។
ខេត្តរតនគិរី ជាខេត្តមួយសម្បូរដោយធនធានធម្មជាតិ និងវប្បធម៌ចម្រុះ ដែលមានចំនួនប្រជាជនប្រមាណជាង ២០០,០០០នាក់។ ជាមួយនឹងតំបន់ទេសចរណ៍ដ៏ល្បីល្បាញដូចជា បឹងយក្សឡោម និងឧទ្យានជាតិវីរជ័យ ខេត្តដ៏មានសក្តានុពលមួយនេះកំពុងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ដែលជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគធំៗជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តទាំងបួន នៅភូមិភាគឦសាន ២០២៥–២០២៨ ដែលមានគោលដៅទាក់ទាញការវិនិយោគបន្ថែមមកកាន់រតនគិរី ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ វត្តមានរបស់ធនាគារ វីង ក៏នឹងចូលរួមបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុកាន់តែរលូន និងបង្កើនលំហូរសាច់ប្រាក់ នៅក្នុងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបានការជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ពាន់លានដុល្លារ។ បើតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា ឆ្នាំ២០២៤ ធនាគារ វីង ជាប់ចំណាត់ថ្នាក់ទី៥ លើទ្រព្យសកម្មសរុប និងទី៦ ផ្នែកប្រាក់បញ្ញើសរុប និងទី១០ លើការផ្តល់កម្ចីសរុប ដែលវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ ផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន ធនាគារ វីង មានបណ្តាញប្រតិបត្តិការទូលំទូលាយ រួមមានសាខាធនាគារ ២៧ទីតាំង ភ្នាក់ងារជាង ១២.០០០កន្លែង និងភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០កន្លែង នៅទូទាំងប្រទេស។ មកទល់ពេលនេះ ធនាគារ វីង បានបម្រើអតិថិជនជាង ៩,៨លានគណនី ដោយផ្តល់ជូននូវដំណោះស្រាយធនាគារ ប្រកបដោយសុវត្ថិភាពយ៉ាងពេញលេញ រហ័ស និងងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ៕



























