Apple ត្រៀមបោះបង់ប៊ូតុងដើម! iPhone Pro ជំនាន់ថ្មីអាចប្រើស្រោមទូរស័ព្ទឆ្លាតវៃជំនួស
18-11-2025 14:35
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple ត្រូវបានគេរាយការណ៍ថា កំពុងអនុវត្តគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺការបង្កើត ស្រោមទូរស័ព្ទ (Case) សម្រាប់ iPhone Pro ជំនាន់ក្រោយ ដែលអាចចាប់ប៉ះ និងបញ្ជាមុខងារផ្សេងៗបាន។ គោលបំណងគឺផ្លាស់ប្ដូរស្រោមទូរស័ព្ទពីឧបករណ៍ការពារធម្មតា ឱ្យទៅជា «ផ្ទៃបញ្ជាបន្ថែមទីពីរ (second control interface)» សម្រាប់អ្នកប្រើប្រាស់។ នេះបើយោងតាមការទម្លាយព័ត៌មានពីប្រភព Instant Digital នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និងត្រូវបានចេញផ្សាយបន្តដោយ GSMArena។
ប្រភពខាងលើបានបញ្ជាក់ថា Apple មានផែនការ វិនិយោគដ៏ធំសម្បើម ទៅលើការអភិវឌ្ឍស្រោមការពារទូរស័ព្ទផ្លូវការនាពេលអនាគត។ គោលដៅសំខាន់នៃការច្នៃប្រឌិតនេះគឺដើម្បីបន្ថែមមុខងារថ្មីៗ និងធ្វើឱ្យម៉ូដែល iPhone Pro កាន់តែមានលក្ខណៈទំនើប និងលេចធ្លោជាងមុន។ គេជឿថា បច្ចេកវិទ្យាស្រោមឆ្លាតវៃ (Smart Case) នេះ អាចជាដំណោះស្រាយដែល Apple នឹងប្រើប្រាស់ដើម្បី លុបបំបាត់ប៊ូតុងធម្មតា (Physical Keys) ដូចជាប៊ូតុងកម្រិតសំឡេង និងប៊ូតុងបិទបើកថាមពល ចេញពីតួទូរស័ព្ទ iPhone ទាំងស្រុង។ ការបញ្ជាមុខងារទាំងនេះនឹងត្រូវបានជំនួសដោយការប៉ះ ឬចុចនៅលើផ្ទៃស្រោមទូរស័ព្ទវិញ។
គំនិតនៃការរចនានេះ ស្របគ្នាទៅនឹងខ្លឹមសារនៃ ប៉ាតង់ របស់ Apple កាលពីពេលមុន ដែលបានពិពណ៌នាអំពីស្រោមទូរស័ព្ទបំពាក់ដោយឧបករណ៍ចាប់សញ្ញាសម្រាប់ប៉ះ (Touch Sensor)។ នៅក្នុងឯកសារប៉ាតង់នោះ Apple បានពន្យល់ថា៖ «ទូរស័ព្ទអាចបិទមុខងារប៊ូតុងធម្មតាមួយចំនួន ហើយប្រើសញ្ញាដែលទទួលពី Case ដើម្បីអនុវត្តសកម្មភាពជំនួសវិញ»។ នេះមានន័យថា ស្រោមទូរស័ព្ទមិនត្រឹមតែការពារនោះទេ ប៉ុន្តែវានឹងក្លាយជាផ្ទៃបញ្ជាដែលមានសមត្ថភាពដំណើរការជំនួសប៊ូតុងដើមរបស់ទូរស័ព្ទទាំងស្រុង។
គួរជម្រាបថា ស្រោមទូរស័ព្ទឆ្លាតវៃប្រភេទនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅលើម៉ូដែល iPhone Pro នៅក្នុងអំឡុងពេលដាក់បង្ហាញផ្លូវការនៅចុងឆ្នាំ ២០២៦ ខាងមុខនេះ៕









