ជើងឯកស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ឆ្នាំ២០២៥ មានអ្នកចូលរួមជាង ៣០០នាក់

18-11-2025 15:55

(ភ្នំពេញ)៖ ​គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ឬកីឡាជនពិការខ្សោយសតិបញ្ញាថ្នាក់ជាតិ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ(អួឡាំពិក) ។ ការប្រកួតនេះ មានរយៈពេល ១ថ្ងៃ ដោយមានប្រតិភូកីឡា គណៈកម្មការ អ្នកស្ម័គ្រចិត្ត និងអាណាព្យាបាលចូលរួមសរុប ៣២០នាក់។

ថ្លែងក្នុងពិធីបើកការប្រកួតនេះ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា(SOC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរៀបចំការប្រកួតនេះឡើង ដើម្បីរួមចំណែកលើកស្ទួយវិស័យពិការភាព ពិសេសកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាល SOC តែងតែយកចិត្តទុកដាក់ ទាំងការហ្វឹកហាត់ ការបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា ក៏៏ដូចជាការលើកកម្ពស់សុខុមាលភាពដល់ពួកគេ។

លើសពីនេះ លោកក៏បានចាត់ទុកការប្រកួតប្រចាំឆ្នាំនេះ គឺជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែមពីចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបាននិងកំពុងអនុវត្តសកម្មភាពការងារពីដំណាក់មួយទៅដំណាក់កាលមួយ ស្របតាមគោលនយោបាយ និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការផងដែរ។

ទន្ទឹមជាមួយគ្នា លោកក៏បានអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកគ្រប់រាជធានី-ខេត្ត ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា បន្ដការយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ។ បន្ថែមលើនេះ លោកក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារ ដែលមានឪពុកម្ដាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡាការិនីជនបញ្ញាខ្សោយ បន្ដចូលរួមជំរុញ និងលើកទឹកចិត្តដល់ពួកគេ ក្នុងការចូលរួមចលនាកីឡានានាផងដែរ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឲ្យដឹងថា សកម្មភាពកីឡា ដែលត្រូវបានរៀបចំក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មាន ៣ប្រភេទកីឡា គឺមានកីឡាអត្តពលកម្ម បាល់ទាត់យូនីហ្វា និងកីឡាប៊ូលយូនីហ្វាយ។ ក្រៅពីការប្រកួត SOC ក៏បានរៀបចំវេទិកាអប់រំសុខភាព ដោយមានការចូលរួមចែករំលែកចំណេះដឹងពីវេជ្ជបណ្ឌិតផ្នែកសុខភាពទូទៅ សុខភាពមាត់ធ្មេញ ដល់ឪពុកម្តាយ និងអាណាព្យាបាលដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ៕