លោកសន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតឲ្យអ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដឹកនាំកីឡាករវាយកូនហ្គោលអន្តរជាតិ និងប្រតិភូនៃ «Legends Tour» ជួបសម្តែងការគួរសម

18-11-2025 16:46

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានដឹកនាំកីឡាករវាយកូនហ្គោលអន្តរជាតិជាច្រើនរូប ព្រមទាំងប្រតិភូនៃ Legends Tour បានចូលជួបសម្តែងការគួរសម និងសំណេះសំណាលនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតេយ្យភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វត្តមានកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក មកពីបណ្តាប្រទេសផ្សេងៗគ្នា បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈសម្រាប់ថ្ងៃស្អែក ក៏នឹងមានវត្តមានកីឡាករវាយកូនហ្គោល លំដាប់ពិភពលោកផ្សេងៗជាច្រើនរូបទៀត នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ Vattanac Legends Championship 2025!។​

វត្តមាននៃការមកដល់របស់កីឡាករ វាយកូនហ្គោលលំដាប់ពិភពលោក (The Legends) សុទ្ធសឹងតែជាកីឡាករសំខាន់ៗនៃព្រឹត្តិការណ៍ Vattanac Legends Championship រៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តឡើងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី២១,២២,២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕