នាយកដ្ឋានកីឡាជំនាញ នៃក្រសួងអប់រំ បើកវគ្គបំប៉នការងាររដ្ឋបាល និងហិរញ្ញវត្ថុ ដល់សហព័ន្ធកីឡាជាតិ
19-11-2025 07:52
(ភ្នំពេញ)៖ នាយករដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបំប៉នសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិ ស្តីពីការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ដើម្បីពង្រឹងសមត្ថភាពមន្ដ្រី លើការងារដឹកនាំ គ្រប់គ្រង រៀបចំ និងអនុវត្តវិស័យកីឡា ឲ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព។
វគ្គបំប៉ននេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ដោយមានសិក្ខាកាម ១០២នាក់ មកពី ៥១សហព័ន្ធកីឡាជាតិចូលរួម នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងមហាជន នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) ខណៈពិធីបើកបានប្រព្រឹត្តិទៅក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន បានបញ្ជាក់ថា វគ្គនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនបណ្តាញសហការ រវាងសហព័ន្ធកីឡាជាតិ និងជំរុញឲ្យមានការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍កីឡាក្នុងប្រទេសកម្ពុជា ជាពិសេសដើម្បីបង្កើនចំណេះដឹង សមត្ថភាព និងជំនាញបច្ចេកទេសរបស់មន្ត្រីសហព័ន្ធកីឡាជាតិ ក្នុងការគ្រប់គ្រង ការរៀបចំ និងអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។
ឆ្លៀតឱកាសនោះលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ ចំពោះនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែយកចិត្តទុកដាក់រៀបចំឱ្យមានវគ្គនេះ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាទស្សនវិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាព របស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិ និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ៕








