ស្ត្រីអង់គ្លេស Chadwick និយាយថា WEC គឺជាគោលដៅចុងក្រោយ ខណៈដែលក្តីស្រមៃ F1 មានការថយចុះ

19-11-2025 09:45

(ឡុងដ៏)៖ Jamie Chadwick ដែលជាអ្នកបើកបររថយន្តប្រណាំងរថយន្តជាស្ត្រីដ៏ល្បីល្បាញបំផុតរបស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា ការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតនៃការប្រកួត World Endurance Championship (WEC) ឥឡូវនេះគឺជា «គោលដៅចុងក្រោយ» របស់នាង ហើយបានទទួលស្គាល់ថា ក្តីស្រមៃកម្រិត Formula One ទំនងជាបានបញ្ចប់ហើយ។

កីឡាការិនីវ័យ ២៧ឆ្នាំរូបនេះ នឹងក្លាយជាអ្នកបើកបរបម្រុងផ្លូវការសម្រាប់កម្មវិធី Genesis Magma Racing Hypercar ថ្មីមួយរបស់ក្រុម Hyundai នៅរដូវកាលក្រោយ ជាមួយនឹងតួនាទីអភិវឌ្ឍន៍កម្រិតការប្រណាំង ។

ខណៈនាងបានប្រាប់ BBC ថា «គោលដៅចុងក្រោយ គឺការប្រកួតប្រជែងក្នុង Hypercar វាមានអារម្មណ៍ប្រាកដប្រជាមួយ ខ្ញុំកាន់តែខិតជិតជាងពេលណាៗ ទាំងអស់ ហើយនោះជាអ្វីដែលគួរឱ្យរំភើបសម្រាប់ខ្ញុំ គោលដៅអាជីពឥឡូវនេះ គឺជើងឯក World Endurance Championship » ។

Chadwick បានប្រកួតប្រជែងនៅទីលាន Le Mans ក្នុងឆ្នាំនេះ ក្នុងប្រភេទ LMP2 កម្រិតទី២ ជាមួយក្រុម IDEC របស់បារាំង នាងក៏បានប្រណាំងនៅក្នុងកម្រិត European Le Mans Series ផងដែរ។

ស្ត្រីអង់គ្លេសរូបនេះជាម្ចាស់ជើងឯកពានកម្រិត W Series ចំនួន ៣ដងច្រើនជាងគេ ជាមួយពានរង្វាន់ MRF Challenge 2018-19 និងពាន British GT Championship-GT4 2015 ។ ខណៈការប្រណាំងកម្រិត Formula One គឺមិនមានអ្នកប្រណាំងស្ត្រីណាម្នាក់ ធ្លាប់បានចាប់ផ្តើមការប្រណាំងនៅកម្រិត Grand Prix នោះទេ គិតចាប់តាំងពីអតីតកីឡាការិនីអ៉ីតាលី Lella Lombardi ធ្លាប់ប្រកួតប្រជែងកាលឆ្នាំ១៩៧៦៕