ស្កុតឡេន យកឈ្នះដាណឺម៉ាក ៤-២ ឡើងទៅលេង World Cup លើកដំបូង ក្រោយរង់ចាំអស់ ២៨ឆ្នាំ

19-11-2025 09:48

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន បានសម្រេចក្តីសុបិន តាមរយៈឡើងទៅលេងជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេល ២៨ឆ្នាំរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

តាមរយៈជ័យជម្នះ ៤-២ ទៅលើក្រុមខ្លាំងដាណឺម៉ាកនាយប់មិញនេះ បានញាំងឱ្យក្រុមនៅអឺរ៉ុបមួយនេះ ឈរទីកំពូលតារាងប្រចាំពូល C នៅថ្ងៃប្រកួតបិទបញ្ចប់វគ្គជម្រុះតំបន់អឺរ៉ុប UEFA តាមពូល និងទទួលបានកៅអីស្វ័យប្រវត្តិជាលើកដំបូងផងដែរ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអាមេរិក មិចស៊ិក និងកាណាដានាឆ្នាំក្រោយនេះ។

៣ពិន្ទុដ៏សំខាន់ក្នុងផ្ទះនៃកីឡដ្ឋាន Hampden Park នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៥ម៉ឺននាក់ វាពិតជាមានន័យណាស់សម្រាប់សហម្ចាស់ផ្ទះ Euro 2028 ដើម្បីឈានទៅវគ្គចែកពូល ៤៨ក្រុមចុងក្រោយ នៅពេលដែលចុងម៉ោងរកបាន ២គ្រាប់ជ័យជម្នះដ៏អស្ចារ្យ ដោយមានកីឡាករសំខាន់ Scott McTominay, Andy Robertson និង Kieran Tierney ផងដែរ។

ពួកគេបានលេងឈ្នះដាណឺម៉ាក ៤លើក ពីការជួបគ្នា ៦លើកចុងក្រោយនេះ ក្នុងនោះដែរធ្លាប់ចាញ់ និងស្មើ ១លើកដូចគ្នា។ ស្កុតឡេនបានឆ្លងចូលជុំចុងក្រោយ World Cup កាលឆ្នាំ១៩៩៨ ដោយមានម្ចាស់ផ្ទះប្រទេសបារាំងដណ្តើមបានជើងឯក៕