FIFA រកឃើញ ៣៩ប្រទេស ឡើងទៅលេង World Cup 2026 ស្របពេលអឺរ៉ុប នៅសល់កៅអីច្រើនជាងគេ

19-11-2025 10:29

(បរទេស)៖ គិតមកទល់ពេលនេះ សហព័ន្ធ FIFA ដែលជាអ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ធ្វើឡើងជាទៀតទាត់រៀងរាល់ ៤ឆ្នាំម្តងនោះ បានរកឃើញបណ្តាក្រុមខ្លាំងៗកើនដល់ ៣៩ក្រុម (ប្រទេស) ហើយ ដើម្បីលេងជុំចុងក្រោយនាឆ្នាំក្រោយនេះ នៅតំបន់អាមេរិកខាងជើង។

កម្មវិធីដែលមាន ៣ប្រទេសធ្វើសហម្ចាស់ផ្ទះលើកដំបូង និងមាន ៤៨ក្រុមចូលរួមផងនោះ នឹងចាប់ផ្តើមប្រកួតប្រជែងនៅចន្លោះខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ គ្រាដែលការប្រកួតជម្រុះតាមតំបន់នីមួយៗ ក៏ត្រូវបានបិទបញ្ចប់ លើកលែងតែទ្វីបមួយគត់ ដែលនៅសល់ ៤កៅអីច្រើនជាងគេ។

មែនទែនទៅតំបន់អឺរ៉ុប UEFA ដែលប្រជុំទៅដោយជើងខ្លាំង ពុំមានកៅអីលេងជម្រុះជាលក្ខណៈអន្តរទ្វីប Intercontinental ដូចតំបន់ដទៃឡើយ ពោលគឺមាន ១២ក្រុមឈរទីកំពូលនៃពូលនីមួយៗ ទទួលបានកៅអីស្វ័យប្រវត្តិតែម្តង និង ៤ក្រុមផ្សេងទៀត ត្រូវឆ្លងកាត់វគ្គជម្រុះជុំទី២ ទៀតប្រចាំតំបន់ ដើម្បីបង្រ្គប់ ១៦កៅអីនៅ World Cup 2026 ជំនាន់ទី២៣។

បើយោងតាម BBC ធ្លាប់បានចេញផ្សាយថា FIFA នឹងរៀបចំចាប់ឆ្នោតជ្រើសរើសគូប្រកួតអន្តរទ្វីប និងវគ្គជម្រុះតំបន់អឺរ៉ុប នៅទីស្នាក់ការកណ្តាលរបស់ខ្លួននាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស។

ខាងក្រោមនេះ ជាប្រទេស (ក្រុម) ដែលបានឡើងទៅជុំចុងក្រោយនៃ World Cup 2026 រួមមាន៖
១៖ អាស៊ី (AFC)-អូស្រ្តាលី អ៉ីរ៉ង់ ជប៉ុន ហ្ស៊កដានី កាតា កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត និងអ៊ូសបេគីស្ថាន។
២៖ អាហ្រ្វិក (CAF)-អាល់ហ្សេរី កាប់វ៉េ អេហ្ស៊ីប ហ្គាណា កូដឌីវ័រ ម៉ារ៉ុក សេណេហ្គាល់ អាហ្វ្រិកខាងត្បូង និងទុយនេស៊ី។
៣៖ អាមេរិកខាងជើង (CONCACAF)-កាណាដា មិចស៊ិក និងសហរដ្ឋអាមេរិក (ម្ចាស់ផ្ទះ)។
៤៖ អាមេរិកឡាទីន (CONMEBOL)-អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អេក្វាទ័រ ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។
៥៖ អូសេអានី (OFC)-ណូវែលហ្សេឡង់។
៦៖ អឺរ៉ុប (UEFA)-អូទ្រីស ប៊ែលហ្សិក ក្រូអាត អង់គ្លេស បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវេស ព័រទុយហ្គាល់ ស្កុតឡេន អេស្ប៉ាញ និងស្វីស៕