សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ឆ្នាំ២០២៦

19-11-2025 10:54

(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ឆ្នាំ២០២៦ (5th Southeast Asian Regional Ju-Jitsu Championship 2026) បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ។

សូមជម្រាបផងថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ដឹកនាំដោយលោក ថោង បញ្ញាធន ប្រធានសហព័ន្ធ និងលោក Jasper Martijn Paas អនុប្រធានទី១ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលតំណាងដោយលោក Fahad Al Shamsi អគ្គលេខាធិការ នៃសហភាពជឺជីតស៊ូទ្វីបអាស៊ី ហើយអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានបញ្ចប់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន។

តាមរយៈនេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦ ហើយស្ថិតក្នុងជំនួបនោះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) បានបង្ហាញសៀវភៅស្តីអំពីតំបន់ទេសចរណ៍នៃខេត្តសៀមរាប ដែលសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតទាំងអស់។

ប្រធានសហព័ន្ធខាងលើបានឱ្យដឹងថា យើងមានមោទនភាពយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេ ទទួលបានការអនុញ្ញាតពីសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) អនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍ប្រកួតលក្ខខណៈអន្តរជាតិកម្រិតតំបន់ នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា សហព័ន្ធធ្លាប់ទទួលបានសមិទ្ធផលយ៉ាងធំធេងពីការប្រកួតកន្លងមក រួមទាំងការប្រកួតកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ហើយឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីបោះជំហានបន្ទាប់ក្នុងការអភិវឌ្ឍយ៉ាងស៊ីជម្រៅសម្រាប់ប្រភេទកីឡាជឺជីតស៊ូនៅកម្ពុជា ។

ជាការកត់សម្គាល់ ការប្រកួតកាលពីឆ្នាំមុននៅប្រទេសហ្វីលីពីន មានអត្តពលិកប្រមាណជាង ៥០០នាក់មកពីប្រទេសនៅទូទាំងតំបន់ ហើយការត្រៀមគម្រោងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅខេត្តសៀមរាប គឺជាឱកាសមួយដើម្បីពង្រឹងកីឡាជឺជីតស៊ូ នៅក្នុងស្រុក និងដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់ អំពីភាពផូផងនៃវប្បធម៌ និងតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។

«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំការងារនេះឱ្យបានរលូន ហើយនឹងកំពុងស្វែងរកដៃគូសហការ និងអ្នកឧបត្ថម្ភដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់» ។

បន្ទាប់ជំនួបចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍកីឡាជឺជីតស៊ូនៅទ្វីបអាស៊ី ។ ពួកយើងទន្ទឹងរង់ចាំស្វាគមន៍ ប្រតិភូ គ្រូបង្វឹក អត្តពលិក និងអ្នកចូលរួមទាំងអស់មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៦ ខាងមុខនេះ ៕