សាប៊ូ វីសូ ពិសេស សហការជាមួយក្រសួងអប់រំ ផ្តល់កញ្ចប់ថវិកាជូនសិស្សឆ្នើមនិទ្ទេស A ចំនួន២៥រូប សម្រាប់គាំទ្រការសិក្សាថ្នាក់មហាវិទ្យាល័យ

19-11-2025 13:29

(ភ្នំពេញ)៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ២៥រូប នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលកញ្ចប់ថវិកា សម្រាប់គាំទ្រការសិក្សាថ្នាក់មហាវិទ្យាល័យពី សាប៊ូ វីសូ ពិសេស ដែលជាម៉ាកផលិតផលនៃក្រុមហ៊ុន Unilever Cambodia ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលពោរពេញ ដោយអារម្មណ៍រំភើបអបអរ មោទនភាព និងក្តីសង្ឃឹម។

ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្លួនរបស់ម៉ាកផលិតផលមួយនេះ ក្នុងការលើកស្ទួយប្រទេសកម្ពុជា តាមរយៈវិស័យអប់រំផងដែរ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុនយូនីលីវើ កម្ពុជា និងឡាវ រួមទាំងមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្ស សមាជិកគ្រួសារជាច្រើនរូប បានចូលរួមអបអរសាទរនូវសមិទ្ធិផលសិក្សា នៃសិស្សានុសិស្សឆ្នើមដែលមានជីវភាពខ្វះខាត។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញនូវសេចក្តីសោមនស្ស និងក្តីសង្ឃឹម ដែលសិស្សនីមួយៗបានឡើងលើវេទិកាផ្ទាល់ដើម្បីទទួលយកកញ្ចប់ថវិកា និងការទទួលស្គាល់លើការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក។

នាឱកាសនោះលោក កែ ប៊ុនខៀង ក៏បានបញ្ជាក់ពីគោលជំហរសាជាថ្មីចំពោះសារៈសំខាន់នៃកិច្ចសហការជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងការរៀបចំផែនការអនាគតដល់យុវជនកម្ពុជា។ ជាក់ស្តែងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងការគាំទ្រវិស័យអប់រំក្នុងប្រទេសកម្ពុជា សាប៊ូ វីសូ ពិសេស បានឧបត្ថម្ភនូវកញ្ចប់ថវិកានិងសម្ភារមួយចំនួនសម្រាប់សិស្សនិទ្ទេសA ២៥រូប ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុ ក្នុងការចាប់ផ្តើមជីវិតជានិស្សិតក្នុងសាកលវិទ្យាល័យ និងបំពេញក្តីស្រម៉ៃតាមរយៈវិស័យអប់រំដោយគ្មានសម្ពាធហិរញ្ញវត្ថុនាពេលចាប់ផ្តើមដំបូង។

លោក កែ ប៊ុនខៀង បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះកិច្ចសហការជាដៃគូដ៏អស្ចារ្យមួយនេះ, នៅពេលដែលអាជីវកម្មនានាដូចជា ក្រុមហ៊ុន យូនីលីវើកម្ពុជា មានគំនិតផ្តួចផ្តើមគាំទ្រវិស័យអប់រំ វាបានសម្តែងជាសារដ៏មានអនុភាពមួយដល់សិស្សានុសិស្ស ដោយបញ្ជាក់ពីសារៈសំខាន់នៃក្តីស្រមៃរបស់ពួកគេ និងតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងការវិនិយោគលើអនាគតរបស់ពួកគេផងដែរ។

លោក លី សុធូ បានថ្លែងថា ក្រុមហ៊ុនយូនីលីវើកម្ពុជា ជឿជាក់ថា ការទទួលការអប់រំមិនត្រឹមតែជួយត្រួសត្រាយផ្លូវទៅកាន់ឱកាសជាច្រើននោះទេ តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់វឌ្ឍនភាពជាតិ។ កញ្ចប់ថវិកានេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ពួកយើងក្នុងការគាំទ្រយុវជនកម្ពុជា ដើម្បីបញ្ចេញនូវសក្កានុភាពពេញលេញរបស់ពួកគេ។ និស្សិតដ៏ឆ្នើមទាំងនេះ មកពីបណ្តាខេត្តនានាទូទាំងប្រទេស ដោយបុគ្គលនីមួយៗ បាននាំនូវបទពិសោធជីវិតផ្ទាល់ពោរពេញដោយភាពតស៊ូ និងឧត្តមភាពផងដែរ។

និស្សិតឆ្នើមដែលទទួលបានកញ្ចប់ថវិកាបានចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះថា ការគាំទ្រថវិកាពីសាប៊ូ វីសូ ពិសេសនេះ ពិតជាមានន័យយ៉ាងជ្រាលជ្រៅចំពោះរូបគេ និងក្រុមគ្រួសារ វាពិតជាអាចជួយសម្រាលបន្ទុកដ៏ធ្ងន់មួយនៃការចាប់ផ្តើមដំណើរថ្មីរបស់រូបគេ។ និស្សិតឆ្នើមរូបនេះក៏បានសន្យាថា នឹងប្រើប្រាស់ឱកាសនេះឱ្យអស់ពីសមត្ថភាព និងបង្កើតឱ្យមានការផ្លាស់ប្តូរទៅកាន់ភាពល្អប្រសើរ សម្រាប់ខ្លួនឯង និងសម្រាប់ប្រទេសកម្ពុជា។

សូមជម្រាបដែរថា កម្មវិធីគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាថ្នាក់មហាវិទ្យាល័យរបស់សាប៊ូ វីសូ ពិសេសនេះ មិនមែនគ្រាន់តែជាការជួយផ្គត់ផ្គង់ និងគាំទ្រដល់យុវជនតែមួយលើកនោះទេ វាជាចក្ខុវិស័យវែងឆ្ងាយមួយ ដើម្បីជួយបណ្តុះយុវជនឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយសម្រាប់ប្រទេសកម្ពុជា។ សាប៊ូ វីសូ ពិសេស នឹងបន្តដឹកនាំឱ្យមានការផ្លាស់ប្តូរទៅកាន់ភាពល្អប្រសើរ ដោយប្តេជ្ញាថានឹងលើកស្ទួយដល់យុវជនកម្ពុជា ដែលមានសក្តានុភាពខ្ពស់ប៉ុន្តែមានជីវភាពខ្វះខាត។

សាប៊ូ វីសូ ពិសេស គឺជាម៉ាកសញ្ញានៃក្រុមហ៊ុន យូនីលីវើ ចក្រភពអង់គ្លេស ផលិតសម្រាប់តែប្រទេសកម្ពុជា និងឈរនៅទីនេះដោយមោទនភាព ក្នុងនាមជាម៉ាកផលិតផលក្នុងស្រុក ដែលបានបម្រើក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២២ឆ្នាំមកហើយ។ តាមរយៈយុទ្ធនាការជំរុញដោយសហគមន៍ និងផលិតផលដែលមានគុណភាពខ្ពស់ សាប៊ូ វីសូ ពិសេស នឹងបន្តធ្វើជាចំណែកនៃការរីកចម្រើនរបស់យុវជនដ៏ពូកែៗ ស្របតាមគោលការណ៍ «ការបង្កើតមួយ សិស្សម្នាក់ អនាគតមួយរួមគ្នា»

សូមបញ្ជាក់ដែរថា សម្រាប់សិស្សនិទ្ទេស A ទាំង ២៥រូប ក្រៅពីទទួលបានកញ្ចប់ថវិកាចំនួន ៤លានរៀលហើយនោះ ក៏ទទួលបានសម្ភារប្រើប្រាស់បន្ថែមសម្រាប់ពេញមួយឆ្នាំផងដែរ៕