Elon Musk និង មេធំ Nvidia គ្រោងពិភាក្សាអំពី AI នៅក្នុងវេទិកាវិនិយោគរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត
19-11-2025 15:17
(បរទេស)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla, SpaceX និង xAI និងលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia នឹងចូលរួមពិភាក្សាអំពីបញ្ហាបច្ចេកវិទ្យា និងបញ្ហាសិប្បនិម្មិត្តបញ្ញា (AI) ក្នុងសន្និសីទវិនិយោគសហរដ្ឋអាមេរិក–អារ៉ាប៊ីសាអូឌីត ដែលកំពុងប្រព្រឹត្តឡើងនៅទីក្រុងវ៉ាស៊ីនតោន។ កិច្ចពិភាក្សានេះផ្តោតលើ «កម្លាំងបច្ចេកវិទ្យាដែលកំពុងបង្កើតរលកបច្ចេកវិទ្យាថ្មី» រួមមានស្ថាបត្យកម្មម៉ូដែល AI និង យុទ្ធសាស្ត្រវិនិយោគ។
កិច្ចពិភាក្សា នឹងដឹកនាំដោយលោក Abdullah Alswaha រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍របស់អារ៉ាប៊ីសាអូឌីត។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំៗជាច្រើន ដូចជា វិស័យថាមពល វេជ្ជសាស្ត្រ និងហិរញ្ញវត្ថុ។ ការចូលរួមរបស់ប្រធានក្រុមហ៊ុន AI ធំៗទាំងពីរនេះ មានន័យសំខាន់ណាស់សម្រាប់យុទ្ធសាស្ត្ររបស់អារ៉ាប៊ីសាអូឌីត ដែលកំពុងវិនិយោគធំបំផុតក្នុងការកសាងមូលដ្ឋានទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ AI។
ខណៈពេលដែល Elon Musk បាននិយាយពីអនាគតកម្លាំងផលិតកម្មដែលដឹកនាំដោយរ៉ូបូត និងការអភិវឌ្ឍប្រព័ន្ធ AI, អារ៉ាប៊ីសាអូឌីតកំពុងស្វែងរកឱកាសក្នុងការក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាអន្តរជាតិ ដោយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍នេះ កើតមានបន្ទាប់ពីការជួបជុំរវាងព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីន សាល់ម៉ាន់ និងប្រធានាធិបតី ដូណាល់ ត្រាំ ដែលបង្ហាញពីទំនាក់ទំនងយុទ្ធសាស្ត្របច្ចេកវិទ្យាកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ៕









