FIFA នឹងស៊ើបអង្កេតផ្ទៃក្នុង ចំពោះសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ករណីកីឡាករ ៧នាក់ចូលសញ្ជាតិ

19-11-2025 15:45

(បរទេស)៖ សហព័ន្ធគ្រប់គ្រង់បាល់ទាត់ពិភពលោក (FIFA) គ្រោងនឹងបើកការស៊ើបអង្កេតជាផ្លូវការ លើប្រតិបត្តិការផ្ទៃក្នុងចំពោះសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បន្ទាប់ពីបានផ្អាកកីឡាករចំនួន ៧នាក់ដែលបានចូលសញ្ជាតិរបស់ខ្លួន ដែលបានប្រើប្រាស់ឯកសារក្លែងក្លាយ។

កីឡាករទាំងនោះត្រូវបានហាមឃាត់រយៈពេល ១២ខែ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA បានរកឃើញថា ឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ ដើម្បីឱ្យពួកគេអាចលេងក្នុងវគ្គជម្រុះ Asian Cup ឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ី ទល់នឹងជម្រើសជាតិវៀតណាម ។

កីឡាករចូលសញ្ជាតិ ៧នាក់ ដែលរកឃើញថា បានប្រើប្រាស់ឯកសារក្លែងក្លាយនោះ ក៏បានបង្ហាញខ្លួនក្នុងជ័យជម្នះ ៤-០ របស់ម៉ាឡេស៊ី លើវៀតណាមក្នុងវគ្គជម្រុះជុំទី៣ Asian Cup 2027 ២០២៧ កាលពីខែមិថុនា កន្លងទៅនេះ ។

FIFA បានឱ្យដឹងថា ការស៊ើបអង្កេតនេះ គឺមានគោលបំណងធ្វើការកំណត់អត្តសញ្ញាណបុគ្គល ដែលទទួលខុសត្រូវចំពោះការក្លែងបន្លំឯកសារ នឹងវាយតម្លៃភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃយន្តការអនុលោមភាពផ្ទៃក្នុង និងអភិបាលកិច្ចរបស់ FAM ជាមួយការកំណត់ថា តើត្រូវវិធានការវិន័យបន្ថែមត្រូវបានទាមទារប្រឆាំងនឹងមន្ត្រី FAM ដែរឬទេ? ។

សមាគមបាល់ទាត់ម៉ាឡេស៊ី FAM ក៏បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមានគម្រោងយកករណីនេះដាក់ទៅតុលាការអាជ្ញាកណ្តាលកីឡាផងដែរ ។

លោក Mohd Yusoff Mahadi ប្រធានស្តីទី FAM បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គមថា ករណីនេះកំពុងត្រូវបានអនុវត្ត ដើម្បីធានាថាយុត្តិធម៌ត្រូវបានរក្សា និងដើម្បីរក្សាភាពសុចរិតនៃដំណើរនៅការមានសិទ្ធិទទួលបានកីឡាករ ដូចដែលបានកំណត់ដោយរដ្ឋាភិបាលម៉ាឡេស៊ី និងស្ថាប័នពាក់ព័ន្ធ ។

FIFA ក៏បានប្រាប់ឱ្យសមាគមបង់ប្រាក់ពិន័យចំនួន ៤៣៩,០០០ដុល្លារ នៅខែវិច្ឆិកានេះ នឹងបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ FAM ខណៈការរកឃើញករណីនេះ បានបង្កឱ្យមានការចលាចលនៅក្នុងប្រទេសម៉ាឡេស៊ី ពីសំណាក់អ្នកគាំទ្រ ហើយកាលពីខែតុលា FIFA បានព្យួរអគ្គលេខាធិការរបស់ខ្លួន និងបានបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេត។

របាយការណ៍របស់ FIFA បានបង្ហាញឈ្មោះកីឡាករ ៧នាក់រួមមាន Facundo Garces, Gabriel Arrocha, Rodrigo Holgado, Imanol Machuca, Joao Figueiredo, Jon Irazabal និង Hector Hevel ដែលកីឡាករទាំងអស់នេះសុទ្ធតែបានកើតនៅប្រទេសផ្សេង តែត្រូវបានផ្តល់សញ្ជាតិម៉ាឡេស៊ី ក្នុងការត្រួតពិនិត្យដោយសមាគមបាល់ទាត់ម៉ាឡេស៊ី។

ជាមួយគ្នានោះ FIFA ក៏បានឱ្យដឹងថា «កីឡាករបានសារភាពថា ពួកគេមិនបានអានអំពីឯកសារដាក់ពាក្យស្នើសុំណាមួយ ដែលបានដាក់ជូនរដ្ឋាភិបាលម៉ាឡេស៊ីទេ រួមទាំងលក្ខខណ្ឌដែលទាក់ទងនឹងសេចក្តីប្រកាសថាពួកគេបានរស់នៅរយៈពេល ១០ឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី» ។

ខណៈករណីនេះ FIFA ក៏បានណែនាំលេខាធិការដ្ឋានរបស់ខ្លួន ត្រូវធ្វើការជូនដំណឹងដល់អាជ្ញាធរនៅប្រទេសប្រេស៊ីល អាហ្សង់ទីន ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ដែលនេះជាការចាំបាច់ដែលអាជ្ញាធរប្រទេសពាក់ព័ន្ធត្រូវបានជូនដំណឹង ដើម្បីឲ្យការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌមានភាពសមស្រប និងស្របតាមនីតិវិធី ៕