ក្រុមហ៊ុនអគ្គិសនីជាតិម៉ាឡេស៊ីខាតបង់ជាង ១ ពាន់លានដុល្លារពីការលួចប្រើប្រាស់អគ្គិសនីសម្រាប់ការជីកយករ៉ែគ្រីបតូ
19-11-2025 16:20
(បរទេស)៖ ក្រុមហ៊ុនអគ្គិសនីជាតិម៉ាឡេស៊ី Tenaga Nasional Bhd (TNB) បានប្រកាសពីការខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ១.១១ ពាន់លានដុល្លារ (ប្រហែល ៤.៦ ពាន់លានរីងហ្គីត) ដោយសារតែការលួចប្រើប្រាស់អគ្គិសនីខុសច្បាប់ ដើម្បីដំណើរការម៉ាស៊ីនជីកយករ៉ែរូបិយប័ណ្ណគ្រីបតូ (Bitcoin)។ ការខាតបង់ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងក្នុងអំឡុងពេលប្រមាណ ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ រហូតដល់ខែសីហាឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ដែលត្រូវបានដាក់ជូនសភា ក្រុមហ៊ុន TNB បានរកឃើញទីតាំងជាង ១៣,៨២៧ កន្លែង ដែលមានសកម្មភាពលួចប្រើប្រាស់ថាមពលអគ្គិសនីខុសច្បាប់។ បើទោះជាប្រទេសម៉ាឡេស៊ីមិនទាន់មានច្បាប់គ្រប់គ្រងការជីកយករ៉ែគ្រីបតូក៏ដោយ ប៉ុន្តែសកម្មភាពលួចកែឆ្នៃរង្វាស់ភ្លើង (Meter) ឬតភ្ជាប់ខុសច្បាប់ ដើម្បីប្រើប្រាស់ភ្លើងដោយមិនបង់ប្រាក់ ឬអស់ភ្លើងតិច ត្រូវបានចាត់ទុកជាបទល្មើសធ្ងន់ធ្ងរក្រោមច្បាប់ផ្គត់ផ្គង់អគ្គិសនី។ ក្រុមហ៊ុន TNB កំពុងធ្វើការយ៉ាងសកម្មជាមួយប៉ូលិស និងស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីបង្ក្រាបបទល្មើសទាំងនេះ។
ដើម្បីពង្រឹងការគ្រប់គ្រង និងតាមដានទីតាំងគួរឱ្យសង្ស័យ ក្រុមហ៊ុន TNB បានបង្កើតនូវយន្តការថ្មី។ ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ក្រុមហ៊ុនបានបង្កើត «មូលដ្ឋានទិន្នន័យពេញលេញមួយ» ដែលផ្ទុកនូវកំណត់ត្រារបស់ម្ចាស់ និងអ្នកជួលអគារដែលសង្ស័យថាពាក់ព័ន្ធនឹងការលួចអគ្គិសនី។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏កំពុងដំឡើង រង្វាស់ឆ្លាតវៃ (Smart Meters) នៅតាមស្ថានីយចែកចាយអគ្គិសនី ដើម្បីតាមដានការប្រើប្រាស់ថាមពល និងចាប់បានការរំលោភបំពានក្នុងពេលជាក់ស្ដែង ក្នុងគោលបំណងកាត់បន្ថយការខាតបង់នាពេលអនាគតផងដែរ៕












