Ronaldo កីឡាករមហាសេដ្ឋី ១.៤ពាន់លានដុល្លារ ទទួលបានការស្វាគមន៍ពីលោក Trump ក្នុងកម្មវិធីជប់លៀងមហាសេដ្ឋី

19-11-2025 17:08

(អាមេរិក)៖ ថ្លែងមុនពិធីជប់លៀងអាហារពេលល្ងាចនៅសេតវិមាន រួមជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅយប់ថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា«នេះជាកិត្តិយស» ក្នុងការទទួលស្វាគមន៍ Ronaldo ដែលជាកីឡាករលេចធ្លោក្នុងលីគអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យគាត់ក្លាយជាបុគ្គលម្នាក់នៃការជំរុញទំនើបកម្មរបស់ប្រទេស។

ស្ថិតក្នុងពិធីជប់លៀងអាហារពេលល្ងាចនៅសេតវិមាន លោក Trump បានប្រាប់ភ្ញៀវដែលបានចូលរួមថា «កូនប្រុសរបស់ខ្ញុំ គឺជាអ្នកគាំទ្រខ្លាំងបំផុតមួយរូបចំពោះ Ronaldo» ។ ខណៈមន្ត្រីសេតវិមានបានបញ្ជាក់កាលពីព្រឹកថ្ងៃពុធថា Ronaldo បានចូលរួម ប៉ុន្តែមិនបាននិយាយថា តើគាត់ជាផ្នែកមួយនៃគណៈប្រតិភូផ្លូវការរបស់ព្រះអង្គម្ចាស់ Mohammad bin Salman ដែរឬទេ ហើយនេះជាលើកដំបូងរបស់រូបគេបានទៅកាន់អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៦ ។

ក្រៅពីវត្តមានតារាបាល់ទាត់ឆ្នើម Ronaldo នៅក្នុងពិធីអាហារពេលល្ងាចនោះ ក៏មានមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានចូលរួមជាមួយមេដឹកនាំអាជីវកម្មដែលមានឥទ្ធិពលផ្សេងទៀតរួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ផងដែរ។ នេះជាលើកដំបូងហើយដែលលោក Elon Musk បានទៅកាន់សេតវិមាន គិតចាប់តាំងពីលោកបានលាលែងពីការងារជួររដ្ឋបាលរបស់លោក Trump កាលពីខែមេសា។

សូមជម្រាបផងថា នៅដើមឆ្នាំ ២០២៣ កីឡាករ Ronaldo បានទៅចូលរួមជាមួយក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលក្លឹបនេះស្ថិតក្រោមការគ្រប់គ្រងដោយមូលនិធិទ្រព្យសម្បត្តិរដ្ឋ PIF ដែលមានព្រះអង្គម្ចាស់ជាប្រធាន។
Ronaldo ជាកីឡាករម្នាក់ទទួលបានប្រាក់ឈ្នូលយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីកិច្ចព្រមព្រៀងប្រាក់ឈ្នួលរបស់កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់រហូតដល់ ២០០លានដុល្លារមួយឆ្នាំ ឬច្រើនជាងកន្លះលានដុល្លារក្នុងមួយថ្ងៃ។

បន្ទាប់មកនៅក្នុងខែមិថុនា ឆ្នាំ២០២៥ នេះ បុរសមានវ័យ ៤០ឆ្នាំ ក៏ទើបបានចុះកិច្ចសន្យាថ្មីដល់ឆ្នាំ២០២៧ ដែលមានតម្លៃសរុប ៤០០លានដុល្លារ ត្រូវបានចាតចូលជាកីឡាករមហាសេដ្ឋីដំបូងគេរបស់បាល់ទាត់ ។

ហើយបើយោងតាម Bloomberg កីឡាករ Ronaldo គឺមានទ្រព្យសម្បត្តិសុទ្ធ ១.៤ពាន់លានដុល្លារ ។ ដែលនោះជាទ្រព្យសម្បត្តិច្រើនសម្រាប់កីឡាករបាល់ទាត់ម្នាក់នៅក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់គាត់ ៕