សោកស្ដាយណាស់​! តារាសម្ដែងដ៏ល្បីលោក អ៊ុន សិទ្ធា ទទួលមរណភាព​ដោយសារជំងឺមហារីក

19-11-2025 18:18

(ភ្នំពេញ)៖ ពិតជាសោកស្ដាយណាស់ សម្រាប់ក្រុម​គ្រួសារ ក៏ដូចជាមិត្តភក្តិក្នុងសង្គមសិល្បៈ​ដោយសារតែតារាសម្ដែងដ៏ល្បីលោក អ៊ុន សិទ្ធា មានទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ នៅល្ងាចម៉ោងជាង៥ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​។​

លោក សេត គឹមសឿន អ្នកនាំពា្យសមាគមសិល្បករខ្មែរ បានប្រាប់ឲ្យដឹងថា តាមរយៈការសាកសួរអ្នកសិល្បៈដូចគ្នា តារាសម្ដែងលោក អ៊ុន សិទ្ធា ពិតជាបានស្លាប់កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប្រាកដមែនដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ។ លោកបន្តថា តាមការពិតលោក អ៊ុន សិទ្ធា មានជំងឺមហារីកជាយូរឆ្នាំមកហើយ ប៉ុន្តែលោកលាក់បាំងមិនឲ្យនណារដឹងនោះទេ ទើបពេលនេះ ឈានដល់ដំណាក់កាលចុងក្រោយទើបលោកទទួលមរណភាពតែម្ដង។

លោកបន្តថា បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះភ្លាម អ្នកនាង នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារទៅកាន់គេហដ្ឋានរបស់លោក អ៊ុន សិទ្ធា ភ្លាមៗ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីសាសនា ជាមួយក្រុមគ្រួសារនៃសព ដែលកំពុងជួបទុក្ខក្នុងគ្រាដ៏លំបាកនេះ។

សូមបញ្ជាក់ថា លោក អ៊ុន សិទ្ធា គឺជាតារាសម្ដែងដែលមានឈ្មោះបោះសំឡេងល្បីល្បាញ ក្នុងពិភពសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយបានបន្សល់ទុកនូវស្នាដៃជាខ្សែភាពយន្ត ចម្រៀងខារ៉ាអូខេ និងការងារសិល្បៈជាច្រើនរាប់មិនអស់។ ជាពិសេសលោកក៏ជាតួអង្គដ៏សំខាន់ក្នុងរឿង «កូនប្រុសកើតក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តឆ្លុះបញ្ចាំងពីជីវិតតស៊ូរំដោះប្រទេសកម្ពុជា ជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

សពរបស់តារាសម្ដែងលោក អ៊ុន សិទ្ធា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីស្ថិតនៅផ្ទះលេខ១បេ ផ្លូវ១៤អឺ ភូមិប៉ប្រ៉ក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ៕