អេស្ប៉ាញ ទំនងឈ្នះ World Cup 2026 ក្រោយសាងស្ថិតិប្រហាក់ប្រហែលអាហ្សង់ទីន ដែលដណ្តើមបានពាននៅកាតា

19-11-2025 20:07

(បរទេស)៖ ក្រុមគោជល់អេស្ប៉ាញ បានកំពុងបង្ហាញភាពខ្លាំងរបស់ខ្លួន ដើម្បីប្រជែងជើងឯកបាល់ទាត់ពិភពលោក World Cup 2026 តាមរយៈសាងកំណត់ត្រាលេង ៣១ប្រកួតមិនចាញ់ឡើយ ដោយមានស្ថិតិប្រហាក់ប្រហែលគ្នានឹងអាហ្សង់ទីនដែរ ដែលដណ្តើមបានពានកម្រិតកំពូលនេះ កាលឆ្នាំ២០២២ នៅប្រទេសកាតានោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ម្ចាស់ជើងឯកពានអឺរ៉ុប Euro 2024 មួយនេះបានខកខានឈ្នះ World Cup មានរយៈពេល ១៥ឆ្នាំមកហើយ ពោលគឺក្រោយពេលធ្លាប់លើកពាននេះបានតែ ១លើកប៉ុណ្ណោះកាលឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង។

ក្រុមរបស់លោក Luis de la Fuente បានបញ្ចប់ដោយចំណាត់ថ្នាក់កំពូលតារាងប្រចាំពូល E ដោយឈ្នះ ៥លើក និងស្មើ ១លើក ក្នុងចំណោម ៦ប្រកួតនៃវគ្គជម្រុះ World Cup នាឆ្នាំក្រោយនេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

ពួកគេបានស៊ុតបញ្ចូលទីគូប្រកួត ២១គ្រាប់ និងរបូតវិញតែ ២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៦ប្រកួតសរុប។ អេស្ប៉ាញបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងតួកគីនៅទីក្រុង Seville នៅថ្ងៃបិទបញ្ចប់នាយប់មិញនេះប្រចាំតំបន់អឺរ៉ុប UEFA។ ពួកគេបានបន្លាយកំណត់ត្រាលេងមិនចាញ់កើនដល់ ៣១ប្រកួត ដែលវាស្មើនឹងស្ថិតិរបស់អាសូរីអ៉ីតាលីដែលធ្លាប់ធ្វើបាននៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

តាមរយៈលទ្ធផលរបូត ២គ្រាប់នេះដែរ មានតែក្រុមតោកំណាចអង់គ្លេសមួយគត់ ដែលលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបចំនួន ៨ប្រកួត មិនរបូតសូម្បី ១គ្រាប់សោះ និងទាត់បញ្ចូលទីគូប្រកួតបានដល់ទៅ ២៤គ្រាប់ឯណោះ។

អេស្ប៉ាញ រកបានជ័យជម្នះដល់ទៅ ២៥ប្រកួត និងស្មើតែ ៦លើកប៉ុណ្ណោះ ក្នុងចំណោម ៣១ប្រកួត បន្ទាប់ពីពួកគេបានរងបរាជ័យចុងក្រោយដោយលទ្ធផល ២-០ ក្រោមថ្វីជើងរបស់ស្កុតឡេន នាអំឡុងខែមីនា ឆ្នាំ២០២៣ លេងជម្រុះ Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ៕