កម្ពុជាឈ្នះមេដាយ ១០គ្រឿង ពីការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ាន  ឆ្នាំ២០២៥ នៅឥណ្ឌូនេស៊ី

20-11-2025 07:52

(ភ្នំពេញ)៖ ក្រុមកីឡាហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយដណ្ដើមបានមេដាយសរុប ១០គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៦។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា ដោយមានបណ្ដាប្រទេសក្នុងតំបន់ជាច្រើនចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ៦រូបចូលរួមផងដែរ ។ ជាលទ្ធផលកម្ពុជា ទទួលបានមេដាយមាស ១គ្រឿង ដែលដណ្ដើមបានដោយកីឡាការិនី កាំង មុយនីន លើវិញ្ញាសា ២០០ម៉ែត្រ ហែលរបៀប Bi-Fins ព្រមទាំងមេដាយប្រាក់ ៣ និងសំរឹទ្ធ ៦គ្រឿងផងដែរ។

គួរដឹងថា ជើងឯកហែលទឹកពាក់ជើងទាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ បានរៀបចំ ២លើកមកហើយ ដោយលើកទី១ កម្ពុជា បានធ្វើម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៤ គ្រាដែលម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស ២ ប្រាក់ ៧ និងសំរឹទ្ធ ៦)៕