Davis Cup អ៉ីតាលី ឡើងប៉ះប៊ែលហ្ស៊ិក ក្រោយផ្តួលក្រុមអូទ្រីស មិនឱ្យតដៃបាន

20-11-2025 09:46

(អ៉ីតាលី)៖ ក្រុមការពារតំណែងជើងឯក២០២៤ នៃពានរង្វាន់ Davis Cup Finals ក្រុមអ៉ីតាលី ពេលនេះបានឡើងទៅប៉ះក្រុមប៊ែលហ្ស៊ិក នៅវគ្គ ៨ក្រុម បន្ទាប់ពីបានយកឈ្នះក្រុមអូទ្រីស នៅលទ្ធផល ២សិត ក្នុងគោលដៅស្វែងរកការឈ្នះពាននេះ ៣សម័យកាលជាប់គ្នា ។

ទោះបីជាគ្មានកីឡាករកំពូលៗ Jannik Sinner និង Lorenzo Musetti ក្នុងព្រឹតិ្តការណ៍បញ្ចប់រដូវកាល២០២៥នេះ ក៏ក្រុមអ៊ីតាលីនៅតែរក្សាភាពខ្លាំងរបស់ខ្លួននៅចំពោះមុខហ្វូងអ្នកគាំទ្រយ៉ាងច្រើនកុះករ ដែលធ្វើបានដោយ Matteo Berrettini និង Flavio Cobolli ។

សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Davis Cup 2025 រកបាន ២ក្រុមហើយរវាងអ៉ីតាលី តទល់នឹងប៊ែលហ្ស៊ិក ហើយ ២ក្រុមទៀត គឺត្រូវរកចាំក្រុមឈ្នះរវាងជើងឯក ៦សម័យ អេស្ប៉ាញ ប៉ះសាធារណៈរដ្ឋឆេក ហើយក្រុមអាហ្សង់ទីន ជួបអាល្លឺម៉ង់ ពីវគ្គ ៨ក្រុម ។

សូមជម្រាបផងថា សម្រាប់ក្រុមដែលឈ្នះពាននេះច្រើនជាងគេនោះ គឺក្រុមជម្រើសជាតិអាមេរិកមានរហូតដល់ទៅ ៩សម័យកាលគិតចាប់តាំងពីឆ្នាំ១៩៧២ ដែលត្រូវបានផ្លាស់ប្តូរទម្រង់នៃការប្រកួត ដោយក្រុមជើងឯកក៏តម្រូវលេងវគ្គជម្រុះជាបន្តបន្ទាប់ផងដែរ ។