បណ្តាក្រុមដែលត្រូវលេងជម្រុះអន្តរទ្វីប និងជម្រុះតំបន់អឺរ៉ុប ដើម្បីបង្រ្គប់កៅអី World Cup 2026
20-11-2025 09:53
(បរទេស)៖ សហព័ន្ធបាល់ទាត់សាម៉ី FIFA នឹងរៀបចំពិធីចាប់ឆ្នោត ក៏ដូចជាជ្រើសរើសគូប្រកួតបន្តទៀតសម្រាប់លេងជម្រុះអន្តរទ្វីប intercontinental និងជម្រុះជុំទី២ ប្រចាំទ្វីបអឺរ៉ុប UEFA នារាត្រីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការកណ្តាលរបស់ខ្លួនតែម្តង នៅឯទីក្រុង Zurich ប្រទេសស្វីស។
កម្មវិធីចាប់ឆ្នោតនេះដែរ ពោលគឺដើម្បីស្វែងរក ៦ប្រទេស (ក្រុម) បន្ថែមទៀត ដើម្បីបង្រ្គប់កៅអី ៤៨ក្រុម ក្នុងការប្រកួតប្រជែងក្រោមទម្រង់ថ្មីរបស់ FIFA ដែលនឹងធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដានាឆ្នាំក្រោយនេះ។
ក្រោយចំណាយពេលជម្រុះតាមតំបន់នាអំឡុងឆ្នាំ២០២៣ មក ពោលគឺក្រោយពេលចប់ World Cup 2022 នៅប្រទេសកាតារួចមក FIFA បានរកឃើញ ៤២ប្រទេសរួចមកហើយ ដែលទទួលបានសំបុត្រយន្តហោះ នៅឡើយតែ ៦ក្រុមទៀតប៉ុណ្ណោះ ដែលត្រូវប្រជែងគ្នាសម្រាប់កៅអីដែលនៅសល់។
សម្រាប់ការប្រកួតអន្តរទ្វីបដែលយកតែ ២ក្រុម ក្នុងនោះមាន ៦ក្រុមមកពី ៥តំបន់រួមមាន កុងហ្គោ និងជម្រើសជាតិអ៉ីរ៉ាក់ ត្រូវរង់ចាំលេងផ្តាច់ព្រ័ត្រតែម្តង ដោយសារតែមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងតារាងរបស់ FIFA គ្រាដែល ចាម៉ៃកា បូលីវី ស៊ូរីណាំ និង New Caledonia ត្រូវលេងជម្រុះពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាមួយគ្នានោះ សម្រាប់តំបន់អឺរ៉ុបដែលនៅសល់ ៤កៅអី មានដល់ទៅ ១៦ក្រុមឯណោះត្រូវប្រជែងគ្នា ដោយក្នុងនោះក៏មានខ្លាចាស់អាសូរីអ៉ីតាលីផងដែរ។ ការប្រកួតត្រូវចាប់ឆ្នោតបែងចែកជា ៤ពូល ដោយយកតែក្រុមកំពូលតារាងមួយប៉ុណ្ណោះ ដើម្បីឡើងទៅ World Cup ជំនាន់ទី២៣ នាឆ្នាំក្រោយតែម្តង។
ក្រុមទាំងនោះរួមមាន អ៉ីតាលី ដាណឺម៉ាក តួកគី អ៊ុយក្រែន ប៉ូឡូញ វ៉េល សាធារណរដ្ឋឆេក ស្លូវ៉ាគី សាធារណរដ្ឋអៀរឡង់ អាល់បានី បូស្នី កូសូវ៉ូ ស៊ុយអែត រ៉ូម៉ានី ម៉ាសេដូន និងអៀរឡង់ខាងជើង៕






