កូនកាត់ខ្មែរអូស្ត្រាលី ដេស្ទីនី ស៊ីម៉ូ និង​​តារាសម្ដែង តុប វិសាល ប៉ះគ្នាក្នុងភាពយន្តបែបព្រឺព្រួច «សត្រូវព្រាយ» របស់ផលិតកម្ម «Mediaload Picture»

20-11-2025 11:14

(ភ្នំពេញ)៖ ស្ងាត់ៗបវរកញ្ញាកូនកាត់ខ្មែរ-អូស្ត្រាលី ដេស្ទីនី ស៊ីម៉ូ ស្ងាត់ៗស្រាប់តែប៉ះគ្នាជាមួយកំលោះសង្ហាសាច់ដុំកង់ៗ តុប វិសាល ក្នុងស្នាដៃភាពយន្តបែបព្រឺព្រួច ភ័យរន្ធត់ខ្នាតធំថ្មី មានចំណងជើងថា «សត្រូវព្រាយ» ដែលជាការសហការផលិតលើកទី២ របស់ផលិតកម្ម Mediaload និង The Troll Cambodia បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើភាពយន្តទី១ កាលពីពេលកន្លងទៅ។ ដើម្បីឱ្យដំណើរការថតប្រព្រឹត្តិទៅយ៉ាងរលូន Mediaload Picture និង The Troll Cambodia បានរៀបចំពិធីក្រុងពាលីបើកកាមេរ៉ាចេញថតរឿង «សត្រូវព្រាយ» យ៉ាងធំដុំ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅអគារ The Rana ដោយមានការចូលរួមពីចាងហ្វាងផលិតកម្ម, សិល្បករ-សិល្បការិនីប្រុសស្រីល្បីៗ តួអង្គសម្តែង និងក្រុមការងារយ៉ាងច្រើនកុះករ។

បើតាមការបញ្ជាក់ឱ្យដឹងពីអ្នកដឹកនាំរឿងវ័យក្មេង លោក ពិសិដ្ឋ ចាន់រ៉ា បានថ្លែងថា រឿង «សត្រូវព្រាយ» ជាប្រភេទរឿងរន្ធត់ព្រឺព្រួចលាយឡំជាមួយនឹងភាពកំប្លុកកំប្លែង តែក៏បង្កប់អត្ថន័យអប់រំដល់អ្នកទស្សនា។ រឿងនេះមានឈុតឆាករន្ធត់ៗច្រើន ដែលតួសម្តែងត្រូវលះបង់ដើម្បីថតផ្ទាល់ៗ នៅទីតាំងខេត្តចំនួន៤ ដោយមិនមានការកាត់តអ្វីនោះឡើយ។ លោកបន្តថា អ្នកដែលធ្លាប់គាំទ្រភាពយន្តរបស់ផលិតកម្ម Mediaload និង The Troll Cambodia ពិតជាបានដឹងរួចមកហើយពីស្នាដៃផលិត និងគុណភាពនៃសាច់រឿង។ សម្រាប់រឿងថ្មីនេះមានចំណុចពិសេសៗច្រើន ដែលលោករៀបរាប់មិនអស់នោះទេ ពោលគឺគ្រាន់ចាប់ផ្ដើមសរសេរសាច់រឿងភ្លាម លោកត្រូវចុះដល់ទីតាំងដើម្បីរកកន្លែងថត ឲ្យត្រូវនឹងខ្លឹមសារនៃសាច់រឿងភ្លាមដែរ ហើយតារាសម្ដែងទាំងអស់ ក៏ត្រូវឆ្លងកាត់ឧបសគ្គច្រើនអំឡុងពេលថត។

លោកបានរំលេចថា ជាការពិតទស្សនិកជនគួរតែត្រូវបានទស្សនាភាពយន្តនេះ ព្រោះជាភាពយន្តខ្នាតធំប្រចាំឆ្នាំ ហើយតួអង្គនីមួយៗត្រូវបានជ្រើសរើសយ៉ាងសមស្របឲ្យត្រូវនឹងសាច់រឿង ខណៈទីតាំងថតមានដូចជានៅតំបន់គិរីរម្យ តំបន់ភ្នំកំពង់ត្រាច និងនៅទីតាំងមួយចំនួនទៀតក្នុងខេត្តកំពង់ធំ ដែលបង្ហាញពីទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាយើង។

ចំណែកកំលោះសង្ហាសាច់ដុំកង់ៗ លោក តុប វិសាល, បវរកញ្ញាវ័យក្មេងដ៏មានសក្កានុពល កូនកាត់ខ្មែរ-អូស្ត្រាលី ដេស្ទីនី ស៊ីម៉ូ និងតារាស្រីរូបស្រស់ វ៉ា ម៉ាលីណា ក្តោបបានតំណែងតួអង្គសំខាន់ៗ ក្នុងខ្សែភាពយន្តខ្នាតធំនេះ ខណៈសមាជិកក្រុម The Troll Cambodia ជាច្រើនរូប រួមទាំងលោក កៅ សុខា ដែលអ្នកនិយមមើលការសម្ដែងរបស់ The Troll Cambodia និងត្រូវបានគេនិយមហៅថា ពូគុក ក៏មានវត្តមានក្នុងខ្សែភាពយន្តខ្នាតធំនេះផងដែរ។

ស្ថិតក្នុងតំណែងតួឯកប្រុសស្រីក្នុងភាពយន្តខ្នាតធំនេះ លោក តុប វិសាល និងកូនកាត់ខ្មែរ-អូស្ត្រាលី ដេស្ទីនី ស៊ីម៉ូ រំភើប សប្បាយចិត្តសម្រាប់ឱកាសការងារជាមួយគ្នាលើកទី១ ទោះបីដឹងថា ការថតរឿងនេះត្រូវជួបផលលំបាកច្រើន តែអ្នកទាំងពីរពេញចិត្តនឹងលះបង់ ដើម្បីបានរឿងដែលមានគុណភាពល្អ ស័ក្កិសមសម្រាប់អ្នកចូលចិត្តទស្សនា រឿងបែបរន្ធត់ព្រឺព្រួចលងបន្លាចជាដើម។

លោក តុប វិសាល បានថ្លែងថា ភាពយន្តនេះគឺបានផ្ដិតយករូបភាពផ្ទាល់នៅក្នុងព្រៃពិតៗ ហើយមានឈុតឆាកព្រឺព្រួចច្រើន និងមានលក្ខណៈប្លែកខុសពីភាពយន្តបែបរន្ធត់មុនៗ។ ទោះបីដឹងថាមានការពិបាកច្រើនក្នុងការសម្ដែង ប៉ុន្តែគ្រប់តារាសម្ដែងទាំងអស់ បានតាំងចិត្តថានឹងតស៊ូសម្ដែងទាល់តែចប់។ រឿងនេះប្លែកសម្រាប់លោកទាក់ទងនឹងព្រាយ ព្រោះកន្លងមកលោកធ្លាប់ថតទាក់ទងនឹងរឿងខ្មោច។ លោកក៏បានដាក់ចិត្តដាក់កាយថតភាពយន្តនេះទាល់តែចប់ និងធ្វើយ៉ាងណាឲ្យរឿងនេះចេញមក ទទួលបានការគាំទ្រច្រើនពីមហាជន។

សូមជម្រាបថា ការចាប់ដៃសហការគ្នាផលិតខ្សែភាពយន្តខ្នាតធំទី២នេះ ត្រូវ ពូត្រូល និងលោក អ៊ិន វិចិត្រ អះអាងថា ជាការវិនិយោគទ្រង់ទ្រាយធំជាងមុន ដោយការនិពន្ធអត្ថបទភាពយន្ត បច្ចេកទេសថត និងការជ្រើសរើសតួអង្គសម្តែង ត្រូវបានសម្រិតសម្រាំងខ្លាំងជាងមុនទ្វេដង ដើម្បីប្រាកដថា រឿង «សត្រូវព្រាយ» មានគុណភាពខ្ពស់អាចប្រជែងទីផ្សារក្នុង និងក្រៅស្រុកបាន។ បើនិយាយពីទុនចំណាយ គឺខ្ពស់ខ្លាំង តែមិនទាន់អាចកំណត់តួលេខជាក់លាក់នៅឡើយទេ។

លោក អ៊ិន វិចិត្រ ចាងហ្វាងផលិតកម្ម Mediaload Picture បានថ្លែងថា ភាពយន្តរឿង សត្រូវព្រាយ មានការសម្រិតសម្រាំងខ្លាំងមែនទែន ទាំងការរើសតួសម្ដែង ទីតាំងថត បច្ចេកទេស និងការងារសហការគ្នាជាច្រើនទៀត។ យើងមានចក្ខុវិស័យចង់ពង្រីកភាពយន្តទៅកាន់ទីផ្សារអន្តរជាតិដូចគ្នា ទើបត្រូវតែបន្តឲ្យការងារនេះរលូនទៅមុខប្រកបដោយផ្លែផ្កា និងជោគជ័យ។ អ្វីដែលយើងអាចធ្វើបាន គឺត្រូវតែសហការគ្នាបន្តឲ្យមានលក្ខណៈស្ដង់ដារ ហើយលើកនេះ គឺមានទ្រង់ទ្រាយធំជាងមុន។

លោក អ៊ិន វិចិត្រ បន្តថា ភាពយន្តនេះត្រូវជ្រៀតចូលទីផ្សារអន្តរជាតិ ដូច្នេះលោក និងក្រុមការងារសហការ ជាពិសេសសមាជិកក្រុម The Troll Cambodia ត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យអស់ពីសមត្ថភាព និងល្អឥតខ្ចោះ ទោះបីជាត្រូវប្រើដើមទុនច្រើនបន្តិចក្ដី ខណៈដែលលោកសុំមិនបង្ហើបពីចំនួនជាក់លាក់ នៃការបណ្ដាក់ទុនក្នុងភាពយន្តនេះឡើយ។

សូមបញ្ជាក់ថា តាមគម្រោងភាពយន្តខ្នាតធំ «សត្រូវព្រាយ» នឹងបង្ហាញវត្តមានលើទីផ្សារកម្ពុជា នាអំឡុងឆ្នាំ២០២៦ ខាងមុខនេះ ហើយក៏គ្រោងនាំចេញទៅចាក់បញ្ចាំង នៅទីផ្សារក្រៅស្រុកជាមួយភាពយន្តផ្សេងៗទៀតរបស់ Mediaload Picture ដែលសរុបមកទល់ពេលនេះមានចំនួន ១២រឿងហើយ៕