មិចស៊ិក នឹងធ្វើម្ចាស់ផ្ទះជម្រុះ World Cup 2026 វគ្គផ្តាច់ព្រ័ត្រ ២ប្រកួតនាខែមីនា

20-11-2025 13:39

(បរទេស)៖ មិចស៊ិក ប្រទេសសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ជាមួយសហរដ្ឋអាមេរិក និងកាណាដានោះ ត្រូវបានជ្រើសរើសជាទីតាំងប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ ២លើកនាអំឡុងខែមីនាខាងមុខ។

បើយោងតាមទំព័រ facebook page ផ្លូវការរបស់សហព័ន្ធ FIFA បានឱ្យដឹងថា កីឡដ្ឋាន Estadio Guadalajara និង Estadio Monterrey ត្រូវបានជ្រើសរើស ដើម្បីរៀបចំកម្មវិធី FIFA World Cup 2026 Play-Off នៅថ្ងៃទី២៣ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៃប្រទេសដែលស្ថិតនៅតំបន់អាមេរិកខាងជើងមួយនេះ។

នេះមានន័យថា ក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្រុមមកពីទ្វីបអាហ្វ្រិក (CAF) និងអ៉ីរ៉ាក់ ក្រុមជម្រើសជាតិចេញពីទ្វីបអាស៊ី (AFC) នឹងធ្វើដំណើរទៅកាន់មិចស៊ិក រង់ចាំប្រកួតផ្តាច់ព្រ័ត្រយកកៅអី WC26 តែម្តង។

វាបានក្លាយជាលើកទី៣ ផងដែរសម្រាប់មិចស៊ិកដែលទទួលបានសិទ្ធិរៀបចំ World Cup បន្ទាប់ពីធ្លាប់រៀបចំ ២លើកកាលឆ្នាំ១៩៧០ និងចុងក្រោយនៅឆ្នាំ១៩៨៦ រួចមក។

នេះក៏ជាលើកដំបូងផងដែររបស់ពួកគេ ដែលបានធ្វើសហម្ចាស់ផ្ទះជាមួយអាមេរិក និងកាណាដា ក្រោយពេល FIFA បានពង្រីកក្រុមពី ៣២ កើនដល់ ៤៨ក្រុម (ប្រទេស) និងមានចាប់ពី ៦៤ ឡើងដល់ ១០៤ប្រកួតសរុបឯណោះនៅទូទាំងកីឡដ្ឋានទាំង ១៦កន្លែងដែលត្រូវបានជ្រើសរើស៕