Google បើកដំណើរការមជ្ឈមណ្ឌលវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ AI ថ្មីនៅតៃវ៉ាន់

20-11-2025 16:10

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបើកមជ្ឈមណ្ឌលវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបញ្ញាណសិប្បនិម្មិត (AI) ធំបំផុតរបស់ខ្លួននៅតៃវ៉ាន់ ខណៈប្រធានាធិបតីតៃវ៉ាន់ បាននិយាយថា នេះជាការបង្ហាញពីការជឿទុកចិត្តលើតៃវ៉ាន់ក្នុងនាមជាដៃគូបច្ចេកវិទ្យាដែលអាចទុកចិត្តបាន។ តៃវ៉ាន់ជាទីតាំងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេនៅពិភពលោកគឺ TSMC ដែលបន្ទះឈីបរបស់ក្រុមហ៊ុនេះត្រូវបានប្រើយ៉ាងទូលំទូលាយ ដោយក្រុមហ៊ុនអាមេរិកដូចជា Nvidia ដែលកំពុងជម្រុញកំណើន AI ទូទាំងពិភពលោក។

លោក Aamer Mahmood អនុប្រធានផ្នែកវិស្វកម្មរបស់ Google បាននិយាយថា «បច្ចេកវិទ្យាដែលអភិវឌ្ឍនិងសាកល្បងនៅទីក្រុងតៃប៉ិនេះ ត្រូវបានប្រើប្រាស់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ Google ជុំវិញពិភពលោក ដែលបន្តផ្គត់ផ្គង់ថាមពលដល់ឧបករណ៍ Google ដែលមនុស្សរាប់ពាន់លាននាក់ពឹងផ្អែករៀងរាល់ថ្ងៃ។ នេះមិនមែនគ្រាន់តែជាការវិនិយោគលើការិយាល័យប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើប្រព័ន្ធអេកូឡូស៊ី និងជាសក្ខីភាពដល់តំណែងរបស់តៃវ៉ាន់ ជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការច្នៃប្រឌិត AI ពិភពលោក»។

ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បាននិយាយក្នុងពិធីបើកសម្ពោធដាក់ដំណើរការនេះថា Google កំពុងបង្ហាញពីការប្តេជ្ញាវិនិយោគរយៈពេលវែងនៅតៃវ៉ាន់។ នេះក៏ធ្វើឱ្យពិភពលោកឃើញថា តៃវ៉ាន់មិនត្រឹមតែជាផ្នែកសំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលស្នូលសម្រាប់ការស្ថាបនា AI ដែលមានសុវត្ថិភាព និងអាចទុកចិត្តបានផងដែរ»។ រដ្ឋាភិបាលតៃវ៉ាន់ បានព្រមានញឹកញាប់អំពីហានិភ័យក្នុងការប្រើប្រាស់ប្រព័ន្ធ AI ដែលអភិវឌ្ឍដោយចិនដូចជា DeepSeek ខណៈរដ្ឋាភិបាលចិនក៏បដិសេធការព្រួយបារម្ភទាំងនេះផងដែរ៕